| | |

រាជរដ្ឋាភិបាល នឹងឆ្លាក់រូបអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះ


យោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា កាលពីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង អំណះអំណាងជាប្រវត្តិសាស្ត្រដ៏រុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីភាពអស្ចារ្យនៃព្រឹត្តិការណ៍កីឡាកីឡាមួយនេះ ក្នុងពេលដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។

ប្រភពដដែលបានបញ្ជាក់ថា ក្រៅពីអត្ថន័យនិងពាក្យស្លោកនានាដែលលេចធ្លោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងដែល ទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះ ឈ្នះផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសារជាប្រវត្តិសាស្រ្តនូវព្រឹត្តិការ ណ៍ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសានៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ និងសោមនស្សរីករាយក្រៃលែង។

កំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៃទំព័រព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាសម្រេចបាន មិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការគ្រប់គ្រង និងរៀបចំរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចេញពីព្រឹត្តិការណ៍នេះ កម្ពុជាបានបង្កើតជាជាគំរូនៃសហប្រតិបត្តិការណ៍អន្តរជាតិក្នុងក្របខណ្ឌអាស៊ាន ពង្រីកសមាហរណកម្មរវាងប្រជាជាតិអាស៊ាន តាមរយៈបដិសណ្ឋារកិច្ច និងស្នាមញញឹមដែលចេញពីបេះដូងដ៏ធំរបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ ទទក