តើ Maria Corina Machado ដែលជាម្ចាស់រង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២៥ ជានរណា? ហើយមានប្រវត្តិយ៉ាងណាខ្លះ?


លោកស្រី Maria Corina Machado (កើតឆ្នាំ ១៩៦៧ នៅ Venezuela ) ត្រូវបានប្រកាសឈ្នះ ថារង្វាន់ណូបែលសន្តិភាព នៅថ្ងៃទី ១០ តុលា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ដោយក្រុមប្រឹក្សាណូបែលបានលើកឡើងថា លោកស្រីមាន “ការខិតខំប្រឹងប្រែងមិនចេះនឿយហត់ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យ និងការតស៊ូដើម្បីសម្រេចបាននូវការផ្លាស់ប្តូរយុត្តិធម៌ និងសន្តិភាពពីរបបផ្តាច់ការទៅលទ្ធិប្រជាធិបតេយ្យ” ។

Fotografía de archivo fechada el 09 de enero de 2025 de la líder opositora María Corina Machado, durante un acto de campaña en Caracas (Venezuela). EFE/ Ronald Peña R

សញ្ញាសម្គាល់នៃការតស៊ូរបស់លោកស្រី Machado បានក្លាយជាមុខសញ្ញានៃការប្រយុទ្ធប្រឆាំងរបបផ្តាច់ការដ៏រឹងមាំមិនធ្លាប់មាននៅវេណេស៊ុយអេឡា។

ខាងក្រោមនេះជាជីវប្រវត្តិខ្លះៗនៃការតស៊ូរបស់លោកស្រី Maria Corina Machado៖

លោកស្រី Machado បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម និងហិរញ្ញវត្ថុ ហើយធ្លាប់មានអាជីពរយៈពេលខ្លីមួយក្នុងវិស័យអាជីវកម្ម។ នៅឆ្នាំ ១៩៩២ លោកស្រី បានបង្កើតមូលនិធិ Atenea ដើម្បីជួយកុមារតាមចិញ្ចើមផ្លូវនៅទីក្រុង Caracas។ បន្ទាប់មកក្នុងឆ្នាំ ២០០២ លោកស្រីបានក្លាយជាស្ថាបនិកម្នាក់នៃអង្គការ Súmate ដែលលើកកម្ពស់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌មានការបណ្តុះបណ្តាល និងត្រួតពិនិត្យការបោះឆ្នោតយ៉ាងសកម្ម។

នៅក្នុងឆ្នាំ ២០១០ លោកស្រីបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ និងទទួលបានសំឡេងគាំទ្រច្រើន ប៉ុន្តែរបបផ្តាច់ការបានបណ្តេញលោកស្រីចេញពីតំណែងក្នុងឆ្នាំ ២០១៤។ ទោះជាយ៉ាងនេះក្ដី ការតស៊ូរបស់លោកស្រីមិនដែលបញ្ឈប់ឡើយ។ ដោយឡែក លោកស្រី Machado ក៏បានប្រកាសដឹកនាំគណបក្សប្រឆាំង Vente Venezuela និងបានចូលរួមបង្កើតសម្ព័ន្ធភាព Soy Venezuela នៅក្នុងឆ្នាំ ២០១៧ ដើម្បីរួមបញ្ចូលកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ឲ្យឆ្លងកាត់បន្ទាត់បែងចែកនយោបាយក្នុងប្រទេសផងដែរ។

នៅក្នុងឆ្នាំ ២០១៣ -២០១៤ លោកស្រីត្រូវបានប្រកាសជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោត ប៉ុន្តែក្រោយមកត្រូវបានហាមឃាត់ និងដាក់ឲ្យព្យួរឈ្មោះ។ លោកស្រីក៏បានគាំទ្រដល់អតីត ឯកអគ្គរាជទូត Edmundo Gonzalez Urrutia ដែលជាបេក្ខជនរបស់បក្សប្រឆាំង ដោយក្រុមប្រឆាំងទាំងនោះ បានប្រមូលភស្តុតាង និងឯកសារដោយលម្អិតថា Edmundo ជាអ្នកឈ្នះពិតប្រាកដ។

យ៉ាងណាមិញ ការទទួលបានរង្វាន់ណូបែលសន្តិភាព របស់ Machado គឺជាសញ្ញាបញ្ជាក់ថា ការតស៊ូលទ្ធិប្រជាធិបតេយ្យនៅវេណេស៊ុយអេឡា និងពិភពលោក មិនមែនជារឿងឥតប្រយោជន៍នោះទេ។ លោកស្រីបានក្លាយជាសំឡេងដ៏មានឥទ្ធិពលសម្រាប់សិទ្ធិបញ្ចេញមតិដោយសេរី សិទ្ធិបោះឆ្នោត និងការចូលរួមក្នុងរដ្ឋាភិបាលដែលជាប្រជាជនជ្រើសតាំង ហើយទាំងនេះគឺជាគ្រឹះដ៏សំខាន់នៃសន្តិភាពក្នុងប្រទេស និងរវាងប្រទេសផ្សេងទៀត។

យ៉ាងណាមិញ បន្ទាប់ពីដឹងថាខ្លួនបានឈ្នះរង្វាន់ណូបែលសន្តិភាព លោកស្រីMaria Corina Machado បានបញ្ចេញសារមួយដោយសង្កត់ធ្ងន់ថា “សិទ្ធិប្រជាធិបតេយ្យគឺគុណតម្លៃដែលត្រូវការការពារ និងរក្សាទុក”។

ប្រភព៖ The Nobel Prize