ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ


ក្នុងឱកាសនៃដំណើរទស្សនកិច្ចនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនោះ ឯកឧត្តមបណ្ឌិត Roosevelt Skerrit ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ ក្នុងឱកាសនោះនាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាយ៉ាង ស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្ដៅ និងការពង្រីកកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍រួមគ្នារវាងប្រទេសទាំងពីរ។ បន្ទាប់ពីនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។

ជាងនេះទៅទៀត ក្នុងដំណើរទស្សនៈកិច្ចនេះ នឹងក្លាយជាចំណុចសំខាន់ក្នុងការពង្រឹងនិងអភិវឌ្ឍន៍ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ អោយកាន់តែរឹងមាំ និងរីកចម្រើន។

ប្រភព៖ ក្រសួងព័ត៌មាន