ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជោគជ័យរបស់ប្អូនៗសិស្សនិស្សិតទាំងអស់ ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល
នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួង ស្ថាប័នជាដៃគូអប់រំ ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងមាតាបិតា អាណាព្យាបាល សរុបប្រមាណ ៤,០០០អង្គ/នាក់។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ផ្សាភ្ជាប់ជាមួយការអបអរសាទរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងទៅកាន់និស្សិតជ័យលាភី ដែលទើបតែបានបញ្ចប់ការសិក្សា ជាប់ជាស្ថាពរ នៅជំនាញដែលបានជ្រើសរើស ដោយមានប្រសាសន៍ជូនពរ និងធ្វើការកោតសរសើរដល់ការខំប្រឹងប្រែង ដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ ទទួលបានជោគជ័យ ក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសម្រាប់ខ្លួនឯង នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី ដែលជាមាគ៌ាជីវិតរបស់ខ្លួន ទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមដែរថា “ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។”
ជាថ្មីម្ដងទៀត ឯកឧត្តមក៏បានបន្ថែមថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្អូនៗដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជា កម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។
ឯកឧត្តមបានបន្តថា ប្អូនៗនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា ដូចនេះ សូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់ប្អូនៗគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ២,៨១៤អង្គ/នាក់ ក្នុងនោះរួមមាន៖ ថ្នាក់បណ្ឌិត ចំនួន ១០នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៧៥នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១,៨៩៧នាក់ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ៧៣២នាក់។
ប្រភព៖ ក្រសួងមុខងារសាធារណៈ























