|

ឯកឧត្តមបណ្ឌិត សោម រតនា៖ “គុណភាព” គឺជាស្នូលនៃវិស័យអប់រំ ហើយគ្មានអ្វីដែលត្រូវយកមកស៊ីសងនឹងគុណភាពនេះបានជាដាច់ខាត


ខេត្តសៀមរាប ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងកែលម្អរការអប់រំឧត្តមសិក្សា បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយ នៃគោលការណ៏ណែនាំស្តីពីការធានាគុណភាពផ្ទៃក្នុង ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានឧត្តមសិក្សា និងដោយមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន១៥ មកពីទូទាំងប្រទេស។

បន្ទាប់ពីបានស្តាប់ប្រសាសន៍រាយការណ៍របស់ឯកឧត្តម ម៉ក់ ង៉យ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា ឯកឧត្តមបណ្ឌិត សោម រតនា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអគ្គនាយកដ្ឋានឧត្តមសិក្សា ដែលបានសហការរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំខាន់នាពេលនេះ។

ឯកឧត្តមបានបញ្ជាក់ថា “គុណភាព” គឺជាស្នូលនៃវិស័យអប់រំ ហើយគ្មានអ្វីដែលត្រូវយកមកស៊ីសងនឹងគុណភាពនេះបានជាដាច់ខាត។ ភារកិច្ចចម្បងបំផុតរបស់គ្រឹះស្ថានអប់រំទាំងអស់ គឺជាការធានាឲ្យខាងតែបាននូវគុណភាពនេះ ដើម្បីធានាថា និស្សិតដែលនឹងបញ្ចប់ការសិក្សា អាចយកចំណេះជំនាញពិតរបស់ពួកគេទៅប្រើប្រាស់បានចំទិសដៅ និងមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមទៀតថា គុណភាពអប់រំ និងការទទួលបានការងារធ្វើរបស់និស្សិតក្រោយការបញ្ចប់ការសិក្សា មានភាពពាក់ព័ន្ធគ្នាយ៉ាងជិតស្និត។ ក្នុងន័យនេះ ការប្រែប្រួលទិដ្ឋភាពទីផ្សារ ក៏នឹងនាំឲ្យមានការប្រែប្រួលលើទិដ្ឋភាពអប់រំក្នុងសាលា ដែលតោងប្រព័ន្ធត្រួតពិនិត្យគុណភាពក៏ត្រូវមានភាពបត់បែន និងផ្អែកលើស្ថានភាពជាក់ស្តែងនៃសង្គមទីផ្សារ។ ជាងនេះទៅទៀត ការបន្តតាមដានពីបម្រែបម្រួលសង្គមទីផ្សារ និងការបន្តកែលម្អរសង្ត់ដាកម្មវិធី និងសូចនាករគុណភាព មានភាពចាំបាច់ និងត្រូវធ្វើឡើងជាប្រចាំ។

ជារួម ប្រព័ន្ធធានាគុណភាពអប់រំ ដែលល្អ ត្រូវមានភាពបត់បែន ជាក់ស្តែងនិយម និងមានទំនោរអនាគត។