ឯកឧត្តម ហ៊ុន ម៉ានី៖ យើងមិនបានលះបង់សាច់ស្រស់ឈាមស្រស់នៅលើសមរភូមិ ក៏យើងអាចផ្តល់ឈាមរបស់យើងដើម្បីសង្រ្គោះជីវិតបានដូចគ្នា
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌ក្នុងគោលបំណងសំខាន់ចំនួន២ គឺ៖ ១/ បម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហេីយមានតម្រូវការឈាមជាបន្ទាន់ និង២/ ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដីនៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលេចសារនៅលើបណ្ដាញសង្គមថា ក្រោមស្មារតីស្នេហាជាតិ នៃខឿនការពារជាតិប្រជាជន ថ្ងៃនេះយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ មាតុភូមិ រួមគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី បានទទួលការស្ម័គ្រចិត្តចូលរួមយ៉ាងច្រើនលើសលុប។
ឯកឧត្តមបន្តថា «ខ្ញុំពិតជាមានក្តីរំភើបយ៉ាងក្រៃលែងដែលបានឃើញសំទុះចូលរួមដ៏ខ្លាំងក្លានេះ។ កម្លាំងមហាសាមគ្គីរបស់កូនខ្មែរ នៅចំពោះការគំរាមកំហែង និងការប៉ុនប៉ងឈ្លានពានរបស់ខ្មាំងសត្រូវបានក្លាយជាថាមពលដ៏មហិមាផ្តល់កម្លាំងចិត្តដល់សមរភូមិមុខជាបន្តបន្ទាប់។ យើងនៅជួរក្រោយ មិនឱ្យបងៗកងកម្លាំងរងារនោះទេ។ យើងនឹងផ្ញើការគាំទ្រ និងកម្លាំងចិត្តជាបន្តបន្ទាប់។»

ជាមួយគ្នានេះ ឯកឧត្តមវានលើកទឹកចិត្តឱ្យបងប្អូន កូនខ្មែរគ្រប់រូបបន្តចូលរួមបរិច្ចាគឈាមតាមដែលអាចធ្វើទៅបាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «យើងមិនបានលះបង់សាច់ស្រស់ឈាមស្រស់នៅលើសមរភូមិ ក៏យើងអាចផ្តល់ឈាមរបស់យើងដើម្បីសង្រ្គោះជីវិតបានដូចគ្នា។»


















