|

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ថាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ!


នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពទាំងឡាយ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានខិតខំជំរុញ និងបានបញ្ជាក់ថា ទោះបីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតពេញលេញនៅឆ្នាំ១៩៩៧។ សម្តេចបានរំលេចថាស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើង ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ចំណែកឯវិនិយោគកូរ៉េក៏មានកើនឡើង។ ជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ ទោះជានៅក្នុងអំឡុងពេលមានការរីករាលជំងឺកូវីដ-១៩ នៅខណៈពេលដែលមានការបិទខ្ទប់ការធ្វើដំណើរតាមច្រកផ្លូវផ្សេងៗ។ ជាមួយនឹងការថ្លែងអំណរគុណសម្តេចបានចង្អុលបង្ហាញជាការពិចារណាឱ្យប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

ជាក់ស្តែង កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ។ បន្ថែមពីលើនេះ សម្តេច បានសម្តែងនូវក្តីរំពឹងទុកថា ដោយឆ្នាំ២០២៧ គឺជាគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ទំនាក់ទំនងខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចបានអបអរសាទរចំពោះភាពជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកូរ៉េ និងវិធីសាស្រ្តនៃគ្រប់គ្រងដោះស្រាយសភាពការណ៍ផ្ទៃក្នុងកូរ៉េ។

សម្តេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលផងដែរ។