|

ឯកឧត្តម ហ៊ុន ម៉ានី៖ ការធ្វើវិសោធនកម្មមាត្រា៣៣ បានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងនៃការអនុម័តច្បាប់ ដោយមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់គុណប្រយោជន៍ណាមួយរបស់ប្រជាជនខ្មែរនៅក្រៅប្រទេសឡើយ


នេះជាការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្ទាប់ពីរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឡើងដោយតំណាងរាស្រ្តហត្ថលេខី ចំនួន ១២៥ អង្គ/រូប នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងតាមរយៈសារនៅលើទំព័រផ្លូវការងា «ការធ្វើវិសោធនកម្មនាពេលនេះ គឺដើម្បីរក្សាឱ្យបានគុណតម្លៃ និងកិត្តិយសរបស់ប្រទេសជាតិ ដោយច្បាប់នេះនឹងអនុវត្តទៅលើប្រជាពលរដ្ឋខ្មែរណាដែលបានគប់គិតនឹងបរទេស ដើម្បីធ្វើសកម្មភាពណាមួយប៉ះពាល់ធ្ងន់ធ្ងរក្នុងគោលដៅក្បត់ជាតិ។

ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងអបអរសាទរចំពោះការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដើម្បីការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងសន្តិភាព ជាពិសេសគឺការថែរក្សាសមិទ្ធផល និងគុណតម្លៃធម្មនុញ្ញ រួមមាន របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្ថិរភាពស្ថាប័នជាតិ ដែលបានចារិកក្នុងច្បាប់កំពូលរបស់ជាតិ។ នេះជាការបញ្ជាក់យ៉ាងច្បាស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ពីការតាំងចិត្តប្រកបដោយស្មារតីឯកភាពជាតិខ្ពស់ យ៉ាងម៉ឺងម៉ាត់ មិនមានរារែក ក្នុងការដាក់តម្កល់ និងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនដោយឥតលក្ខខណ្ឌ។ ការធ្វើវិសោធនកម្មមាត្រា៣៣ នេះគឺបានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងនៃការអនុម័តច្បាប់ ដោយមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់គុណប្រយោជន៍ណាមួយរបស់ប្រជាជនខ្មែរនៅក្រៅប្រទេសឡើយ ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសនឹងទទួលបានការគាំពារ និងយកចិត្តទុកដាក់រិតតែខ្ពស់ថែមទៀត។»

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់រួមគ្នាគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាត មិនឱ្យមជ្ឈដ្ឋានអគតិខាងក្រៅមកបំពានគុណតម្លៃ និងគោលការណ៍គ្រឹះ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញបានឡើយ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ៕