ព្រឹត្តិការណ៍សំខាន់ៗចំនួន ១៧ អំពីប្រាសាទព្រះវិហារ ដែលកូនខ្មែរគួរចងចាំ!
ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី១៧ ដែលប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ដូចនេះ យើងមកដឹងអំពីព្រឹត្តិការណ៍សង្ខេប និងសំខាន់ៗចំនួន ១៧ អំពីប្រាសាទព្រះវិហារ ដែលកូនខ្មែរគួរចងចាំ ដោយផ្អែកលើឯកសាររបស់រាជបណ្ឌិតសភាកម្ពុជា៖

១- ឆ្នាំ៨៨៩៖ ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទីមួយ (សាងសង់ចុងស.វ ទី៩ និងបញ្ចប់ស.វ.ទី១២)។
២- ឆ្នាំ១៩៥៤៖ ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃ ហើយជម្លោះរវាងថៃនិងកម្ពុជា ចាប់ផ្តើមផ្ទុះឡើងខ្លាំង។
៣- ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩៖ កម្ពុជា ដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទ ក្រោយការតវ៉ាតាមរយៈការទូតជាមួយថៃបរាជ័យ។
៤- ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៥៩ សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់ តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជា។
៥- ថ្ងៃទី១០ – ១៥ ខែមេសា ឆ្នាំ១៩៦០៖ សវនការជាសាធារណៈដើម្បីជំនំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃ។
៦- ថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានច្រានចោលបណ្តឹងជំទាស់របស់ភាគីថៃ ដោយប្រកាសជាសាធារណៈថា តុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជា។
៧- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។
៨- ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៖ អង្គការយូណេស្កូ បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេបិច ប្រទេសកាណាដា ក្រោមសេចក្តីសម្រេច 32 COM 8B. 102 ។
៩- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ។
១០- ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦៖ ការបញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយូណេស្កូ ក្រុងប៉ារីស។
១១- ថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០០៦៖ បេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិ វាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបន់ប្រាសាទព្រះវិហារ។
១២- ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧៖ សេចក្ដីយល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS។
១៣- ថ្ងៃទី២៣ ខែមិថុនា – ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោ នៅហ្គ្រីសឆឺច (Christchuech) ប្រទេសណូវែលហ្សេឡង់។
១៤- ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៖ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា។
១៥- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨៖ ថៃបានទាហានរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគីរីស្វារៈ ក្បែរតំបន់ប្រាសាទព្រះវិហារ ចម្ងាយប្រមាណ៣០០ម៉ែត្រពីទឹកដីកម្ពុជា។
១៦- ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១០៖ កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាក្រុងញ៉ូវយ៉ក ដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិ ឱ្យមានយន្តកម្មអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ មុំជាប់ប្រាសាទព្រះវិហារ។ ថៃបានបង្កើតផែនទីជាឯកតោភាគី មានទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួន។ ផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិ ដែលមានន័យថា ប្រាសាទព្រះវិហារស្ថិតលើទឹកដីខ្មែរ និងដែនអធិតេយ្យភាពរបស់កម្ពុជា។
១៧- នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការអាយ.ស៊ី.ជេ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ តាមសាលក្រមឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់ ឱ្យមកកម្ពុជា ហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំថៃដែលឈរជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ៕












