ប្រធានាធិបតីកូរ៉េខាងត្បូងប្ដេជ្ញាខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មុនថ្ងៃកំណត់ថ្មីរបស់ប្រធានាធិបតី Donald Trump
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ថា រដ្ឋបាលរបស់លោកកំពុងធ្វើ “ឱ្យអស់ពីសមត្ថភាព” ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នៅមុនថ្ងៃកំណត់របស់ប្រធានាធិបតី Donald Trump នៅសប្តាហ៍ក្រោយ សម្រាប់ការដាក់ពន្ធលើប្រទេសជាក់លាក់ថ្មី។
លោក Lee បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានដែលបង្ហាញពីខែដំបូងរបស់គាត់ក្នុងការចូលកាន់តំណែងថា “វាពិតជាមិនងាយស្រួលនោះទេ ហើយនិយាយដោយស្មោះត្រង់ ខ្ញុំមិនអាចនិយាយដោយទំនុកចិត្តថា យើងនឹងអាចបញ្ចប់អ្វីៗទាំងអស់នៅថ្ងៃទី៨ ខែកក្កដា នោះឡើយ” ។

លោកបានមានប្រសាសន៍ថា “យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ហើយគោលដៅគឺដើម្បីសម្រេចបាននូវលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ប៉ុន្តែក្នុងដំណាក់កាលនេះ ភាគីទាំងពីរនៅតែមិនទាន់បានកំណត់ច្បាស់លាស់នូវអ្វីដែលពួកគេចង់បាន” ដោយបន្ថែមថា “អ្វីដែលខ្ញុំអាចនិយាយបានសម្រាប់ពេលនេះ គឺយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើង”។
ដោយឡែករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Yeo Han-koo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ជាមួយនឹងពេលវេលាកំណត់នៃការព្យួរពន្ធរបស់សហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់ ទិសដៅនៃសកម្មភាពនាពេលអនាគតរបស់ទីក្រុងវ៉ាស៊ីនតោននៅតែមានភាពមិនប្រាកដប្រជា និងការប្រែប្រួល រួមទាំងថាតើការព្យួរនេះនឹងត្រូវពន្យារពេលដែរឬទេ” ។
លោក Yeo បាននិយាយថា ការដំឡើងពន្ធឡើងវិញរបស់សហរដ្ឋអាមេរិកនឹងក្លាយជា “ស្ថានភាពធ្ងន់ធ្ងរ” ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាលទាំងស្រុង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ី៕
ប្រភព៖ CNA