|

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក «កំណែទម្រង់រដ្ឋបាល សាធារណៈ គឺជាបេះដូងនៃការធ្វើកំណែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល»


ថ្លែងក្នុងពិធីបើកវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីការបន្តបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈពីថ្នាក់ដឹកនាំជំនាន់មុន ពោលគឺតាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដោយគ្រាន់តែសម្រួចមុំ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យក «ការកែទម្រង់ និងអភិបាលកិច្ច» ជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងបានចាត់ទុក «កំណែទម្រង់រដ្ឋបាល សាធារណៈ គឺជាបេះដូងនៃការធ្វើកំណែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល»។

ដើម្បីជំរុញការអនុវត្តការងារកែទម្រង់ឱ្យមានស័ក្តិសិទ្ធិភាព គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ(គ.វ.រ.) ត្រូវបានបង្កើតឡើង ដោយមាន សម្តេចមហាបវរធិបតី ជាប្រធាន និងមានក្រសួងមុខងារសាធារណៈជាអនុប្រធានប្រចាំការ និងជាលេខាធិការដ្ឋាន ក្នុងការដឹកនាំអនុវត្តនូវវិធានការគន្លឹះជាអាទិភាពចំនួន៣ រួមមាន៖ វិធានការគន្លឹះទី១ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ប្រកប ដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ វិធានការគន្លឹះទី២ គឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ និង វិធានការគន្លឹះទី៣ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា “រយៈពេល១ឆ្នាំ១០ខែ ក្នុងនាមជាសេនាធិការឱ្យ គ.វ.រ. ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាច្រើន”។ ក្នុងនោះ តាមរយៈវិធានការគន្លឹះទី១ ក្រសួងមុខងារសាធារណៈបានដឹកនាំការប្រឡងជ្រើសរើសមន្រ្តីរាជការសម្រាប់ក្រសួង-ស្ថាប័នចំនួន ៩ដង ស្មើនឹង ៤៤លើក ជ្រើសរើសបានមន្រ្តីចំនួន ៤,២០៣នាក់ ក្នុងចំណោមបេក្ខជនជិត ២៣ម៉ឺននាក់។ រីឯការអនុវត្តវិធានការគន្លឹះទី២ ក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័នទាំង៣១ (អនុវត្តចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤) ដោយឈរលើស្មារតីភាពជាម្ចាស់ បុរេសកម្ម សកម្ម និងការទទួលខុសត្រូវខ្ពស់តាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ»។

ទន្ទឹមនឹងនេះ ក្រសួងមុខងារសាធារណៈ ក៏បានដឹកនាំ សម្របសម្រួល កិច្ចពិភាក្សាអន្តរក្រសួងលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង-ស្ថាប័ន ចំនួន១០ និងកំពុងត្រៀមចុះធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមក្រសួង-ស្ថាប័ន និងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរៀបចំប្រព័ន្ធទិន្នន័យមន្រ្តីឱ្យមានភាពត្រឹមត្រូវ និងជាមូលដ្ឋានគ្រប់គ្រង ដោះស្រាយបញ្ហា លើសតែខ្វះ និងការពង្រាយមន្រ្តីផងដែរ។

គួរបញ្ជាក់ដែរថា វិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» រយៈពេលមួយថ្ងៃពេញ រៀបចំឡើងក្នុងគោលបំណងដើម្បី (១)ផ្សព្វផ្សាយអំពីទស្សនវិស័យច្បាស់លាស់ និងសមិទ្ធផលការងារដែលសម្រេចបាន ក្នុងការអនុវត្តការងារកំណែទម្រង់ដែលសម្រេចបាន ជម្រាបជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ (២)ជាវេទិកាពិភាក្សាស្វែងរកធាតុចូលបន្ថែមលើ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ផលជះនានា វិធានការដំណោះស្រាយ និងសំណូមពរការងារផ្សេងៗ (៣)តម្រង់ទិសការងារឆ្ពោះទៅមុខ ដើម្បីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឈរលើស្មារតី មូលដ្ឋានដូចគ្នា អនុវត្តការងារកាន់តែស្រុះគ្នា និងស៊ីសង្វាក់គ្នា៕