ប្រជាជនហុងកុង រិះគន់ការសម្រេចចិត្តរបស់លោក Donald Trump ជុំវិញការដាក់ពង្រាយឆ្មាំជាតិធ្វើឱ្យកក្រើកការតវ៉ាក្នុងរដ្ឋ Los Angeles


អាជ្ញាធរហុងកុងបានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្ន និងសុវត្ថិភាពជាចម្បងនៅពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ខណៈពេលនៃការតវ៉ាទាក់ទងនឹងជនអន្តោប្រវេសន៍កំពុងបន្តនៅក្នុងទីក្រុង Los Angeles។

ប្រជាជនហុងកុងមួយចំនួនដែលមានមូលដ្ឋាននៅទីក្រុងធំបំផុតរបស់រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទបានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់ពង្រាយឆ្មាំជាតិនៅក្នុងទីក្រុងនេះដោយនិយាយថាវានឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។ ប្រតិបត្តិការរបស់កម្លាំងអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់នៅទីក្រុង Los Angeles កាលពីថ្ងៃសុក្របានបង្កឱ្យមានបាតុកម្មជាច្រើនថ្ងៃដោយប្រជាជនក្នុងស្រុក ដែលនាំឱ្យមានការប៉ះទង្គិចជាមួយមន្ត្រីអនុវត្តច្បាប់។

ក្រោយមកលោក Trump បានចុះហត្ថលេខាលើអនុស្សរណៈមួយដែលដាក់ពង្រាយឆ្មាំជាតិចំនួន ២,០០០ នាក់ ដើម្បីដោះស្រាយ “ភាពអនាធិបតេយ្យ” នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃចន្ទថា “រដ្ឋាភិបាលហុងកុងបានក្រើនរំលឹកប្រជាជនដែលគ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ឬនៅទីនោះរួចហើយ ឱ្យដឹងពីស្ថានភាពក្នុងតំបន់ បង្កើនការប្រុងប្រយ័ត្ន ផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ពួកគេ ជៀសវាងតំបន់ដែលមានមនុស្សច្រើន និងយកចិត្តទុកដាក់ចំពោះសេចក្តីប្រកាសក្នុងស្រុកទាក់ទងនឹងការវិវត្តចុងក្រោយ” ។

គួរបញ្ជាក់ថា បន្ទាប់ពីការវាយឆ្មក់ជាបន្តបន្ទាប់នៃជនអន្តោប្រវេសន៍នៅទូទាំងទីក្រុង Los Angeles កាលពីថ្ងៃសុក្របានបំផុសគំនិតការតវ៉ា ដោយក្រុមបាតុបានកើនឡើងកាន់តែច្រើន រហូតដល់ប្រធានាធិបតីអាមេរិក Donald Trump បានចាត់វិធានការដែលមិនធ្លាប់មានពីមុនមកក្នុងការប្រមូលផ្តុំឆ្មាំជាតិ ដែលជាអង្គភាពបម្រុងយោធារបស់ប្រទេស ដោយអះអាងថា បាតុកម្មនេះស្មើនឹង “ការបះបោរ” ប្រឆាំងនឹងអាជ្ញាធររបស់សហរដ្ឋអាមេរិក៕

ប្រភព៖ South China Morning post