|

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី


ឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរំលេចសារគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហានៅតំបន់មុំបី ថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឱ្យកម្ពុជាប្តឹង។»

ឯកឧត្តមបានបន្តថា «នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។»

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សារ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត។»

គួរបញ្ជាក់ថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និងត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ៕