| |

ម្ចាស់ជ័យលាភី Miss grand international 2021 ត្រូវបានអាជ្ញាធរវៀតណាមប្រកាសចាប់ខ្លួន!


អតីតជ័យលាភីក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International កញ្ញា Nguyen Thuc Thuy Tien ដែលធ្លាប់មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសវៀតណាម និងធ្លាប់ទទួលបានការសរសើរពីរដ្ឋាភិបាលពីមុនមកត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនពីបទក្លែងបន្លំអ្នកប្រើប្រាស់បន្ទាប់ពីនាងផ្សព្វផ្សាយអាហារបំប៉នជាតិសរសៃក្លែងក្លាយ។

នាងបានផ្សព្វផ្សាយផលិតផល Kera Supergreens Gummies រួមជាមួយអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម Pham Quang Linh និង Hang Du Muc ដោយក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ផលិតផលនេះគឺជាលទ្ធផលនៃការបណ្តាក់ទុនរួមគ្នារវាង Nguyen និងក្រុមហ៊ុនដែលបង្កើតឡើងដោយអ្នកមានឥទ្ធិពលពីរផ្សេងទៀត។

ពួកគេអះអាងថា ផលិតផលស្ករកៅស៊ូនោះមានផ្ទុកជាតិសរសៃស្មើនឹងបន្លែមួយចាន។ ប៉ុន្តែក្រោយពេលអាជ្ញាធរបានបញ្ជូនផលិតផលទៅធ្វើតេស្តនៅឯមន្ទីរពិសោធន៍ បានរកឃើញថាវាមានផ្ទុកជាតិសរសៃ ១៦mg ប៉ុណ្ណោះ ដែលឆ្ងាយពី ២០០mg ដូចដែលពួកគេបានអះអាង។ បន្ទាប់មក អាជ្ញាធរបានបើកការស៊ើបអង្កេត និងបានរកឃើញថា សារធាតុផ្សំដែលមានជាតិសរសៃទាប ត្រូវបានប្រើប្រាស់ក្នុងការផលិត។

ការវេចខ្ចប់របស់ផលិតផលនេះក៏មិនបានបញ្ជាក់អំពីខ្លឹមសារនៃជាតិសរសៃ ហើយក៏មិនបានបញ្ជាក់ថាផលិតផលនេះមានផ្ទុកសារធាតុ sorbitol កម្រិតខ្ពស់ដែរ។

យ៉ាងណាមិញ អ្នកមានឥទ្ធិពលទាំងបីនាក់នោះ ត្រូវបានពិន័យកាល ពីខែមីនា ហើយបានតម្រូវឱ្យសុំទោសជាសាធារណៈ។ ប៉ុន្តែនៅខែបន្ទាប់ អាជ្ញាធរវៀតណាមបានចាប់ខ្លួនលោក Pham និង Hang Du Muc ព្រមទាំងបុគ្គលិកមកពីក្រុមហ៊ុនរបស់ពួកគេ ដោយចោទប្រកាន់ពីបទផលិតទំនិញក្លែងក្លាយ និងបោកប្រាស់អតិថិជន។

ដោយឡែកកាល ពីថ្ងៃចន្ទ អាជ្ញាធរបានប្រកាសចាប់ខ្លួនលោកស្រី Nguyen ពីបទបោកបញ្ឆោតអតិថិជន។
ប្រអប់ស្ករកៅស៊ូជាង ១០០,០០០ ត្រូវបានគេរាយការណ៍ថាបានលក់មុនពេលការលក់ត្រូវបានបញ្ឈប់ដោយសារតែរឿងអាស្រូវនេះ។

គួរបញ្ជាក់ថា បន្ទាប់ពីបានឈ្នះការប្រលងប្រជែងសម្រស់នៅទីក្រុងបាងកកក្នុងឆ្នាំ២០២១ Nguyen បានក្លាយជាតារាល្បី និងត្រូវបានម្ចាស់ម៉ាកយីហោវៀតណាមជាច្រើនបានទាក់ទងឱ្យជួយផ្សព្វផ្សាយ ហើយបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ការពិតជាច្រើន។ នាងក៏ធ្លាប់ទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី និងសហភាពយុវជនកុម្មុយនិស្តហូជីមិញ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមផងដែរ៕

ប្រភព៖ BBC