កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM)សារជាថ្មី បន្ទាប់ពី ២០ ឆ្នាំ
ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំរៀបចំ «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Conference on Civil Service Matters (ACCSM)» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។

កិច្ចប្រជុំនឹងប្រព្រឹត្តទៅក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដោយ មានសមាសភាពចូលរួមជាមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ នៃបណ្តាប្រទេសអាស៊ាន និងប្រទេស ដែលជាដៃគូសន្ទនា។ កិច្ចប្រជុំខាងលើនឹងទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
សូមជម្រាបថា នៅក្នុងឆ្នាំ២០០៥ ស្ថាប័នមុខងារសាធារណៈនៃប្រទេសកម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេន និង ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ ជាលើកទី១។ នៅឆ្នាំ២០២៥ ពោលគឺក្នុងរយៈកាល២០ឆ្នាំក្រោយមក ក្រសួងមុខងារសាធារណៈកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង កិច្ចប្រជុំ ACCSM+3 លើកទី៨។ បន្ថែមលើកិច្ចប្រជុំខាងលើ ប្រតិភូដែលចូលរួមកិច្ចប្រជុំ នឹងត្រូវបានអញ្ជើញចូលរួមដំណើរទស្សនកិច្ចនៅក្រុង កោះរ៉ុង ដែលជាតំបន់ទេសចរឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។
