ខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាទីក្រុងស្រស់ប្រិមប្រិយសម្រាប់ការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២!
នាថ្ងៃពុធទី១៤ ខែឧសភា ឆ្នា២០២៥ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាសហអគ្គលេខាធិការរងនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ថាប័នកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម Wang Qihui អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន និង ឯកឧត្តម Htein Lynn អគ្គនាយកអង្គភាពជំរុញពាណិជ្ជកម្មមីយ៉ាន់ម៉ា (Country of Honor) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ Wei Zhaohui អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរងនិងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន អគ្គកុងស៊ុលនិងអនុព័ន្ធពាណិជ្ជកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំប្រទេសចិន តំណាងលេខាធិការដ្ឋានអាស៊ាន និងមន្ត្រីនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាអំពីផែនការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ និងការចាប់ឆ្នោតជ្រើសរើសទីតាំងសម្រាប់សាងសង់ពន្លាជាតិ ដែលពន្លាជាតិកម្ពុជាមានទីតាំងនៅជាប់ជាមួយពន្លាជាតិរបស់ប្រទេសមីយ៉ាន់ម៉ា និងប្រទេសសិង្ហបុរី។



បន្ថែមពីនេះ កិច្ចប្រជុំនេះ ក៏ផ្តោតលើការពិនិត្យ និងពិភាក្សាលើវិស័យថ្មីៗ ដូចជា៖ ថាមពលស្អាត បញ្ញាសិប្បនិម្មិត (AI) ពាណិជ្ជកម្មឌីជីថល និងស្វែងរកយន្តការដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន និងចិន ផងដែរ។

សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្មនឹងបន្តចូលរួមរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២២ នេះ ដោយក្នុងនោះខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាទីក្រុងស្រស់ប្រិមប្រិយសម្រាប់ការចូលរួមឆ្នាំ២០២៥ នេះ។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមដៃគូសហការរៀបចំ សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន ផលិតករកម្ពុជា និងសាធារណជនទូទៅ ចូលរួមដាក់តាំងបង្ហាញផលិតផលកម្ពុជា និងទស្សនាព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឱ្យបានច្រើនកុះករ។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម