| | |

អាស៊ាន ប្រាប់មីយ៉ាន់ម៉ាថាត្រូវបញ្ឈប់សង្គ្រាមសិន ចាំគិតរឿងបោះឆ្នោត!


ប្រទេសអាស៊ីអាគ្នេយ៍បានដាស់តឿនរបបសឹកមីយ៉ាន់ម៉ា ឱ្យប្រញាប់ធ្វើបទឈប់បាញ់និងបញ្ឈប់ជម្លោះបង្ហូរឈាម មុន នឹងគិតពីរឿងរៀបចំបោះឆ្នោត។ ការជំរុញឱ្យបញ្ចប់ជម្លោះប្រដាប់អាវុធ និងបង្កើតសន្តិភាពឱ្យឆាប់នេះធ្វើឡើង នៅក្នុងឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុង ប្រទេសម៉ាឡេស៊ី។

ផែនការរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតចំពេលមានសង្រ្គាមស៊ីវិលកាន់តែតានតឹងមិនគួរជាអាទិភាពនោះទេ ដោយជំរុញឱ្យរបបយោធាចាប់ផ្តើមការសន្ទនា និងបញ្ចប់អរិភាពជាបន្ទាន់។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានអំពាវនាវឱ្យភាគីជម្លោះក្នុងប្រទេសជាសមាជិកមីយ៉ាន់ម៉ាបញ្ឈប់ការប្រយុទ្ធគ្នា ហើយបានប្រាប់អ្នកតំណាងរបបយោធាអនុញ្ញាតឱ្យមានសិទ្ធិចូលដំណើរការមនុស្សធម៌ដោយមិនមានការរារាំង។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានប្រាប់សន្និសីទសារព័ត៌មាននៅលើកោះ Langkawi ថា « យើងបានប្រាប់ពួកគេថា(មីយ៉ាន់ម៉ា) ការបោះឆ្នោតមិនមែនជាអាទិភាពទេ អាទិភាពនៅពេលនេះ គឺការបញ្ឈប់ការបាញ់ប្រហារ»។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ ២០២១ នៅពេលដែលយោធារបស់ខ្លួនបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ដែលបានទទួលរង្វាន់ណូបែលដែលបង្កឱ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលឈានទៅដល់ការបះបោរប្រដាប់អាវុធដែលកំពុងរីករាលដាលក្នុងប្រទេស។

ប្រទេសម៉ាឡេស៊ីបានប្រកាសតែងតាំងអតីតអ្នកការទូត Othman Hashim ជាបេសកជនពិសេសស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិនិយាយថា តម្រូវការមនុស្សធម៌ស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ដោយមានប្រជាជនជិត ២០លាននាក់ ច្រើនជាងមួយភាគបីនៃចំនួនប្រជាជនកំពុងត្រូវការជំនួយ។ លោក Mohamad បាននិយាយថា Othman នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា «ក្នុងពេលឆាប់ៗ»។

ប្រភព៖ Bangkok Post