| |

តុលាការថៃ ចេញដីកាចាប់ខ្លួនមនុស្ស១៧នាក់ ជុំវិញការដួលរលំអគារខ្ពស់នៅបាងកក


តុលាការក្នុងប្រទេសថៃបានចេញដីកាចាប់ខ្លួនមនុស្សចំនួន ១៧ នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការដ្ឋានអគារខ្ពស់ដែលបានដួលរលំអំឡុងពេលរញ្ជួយដីក្នុងខែមីនា។ អគារកម្ពស់ ៣០ជាន់ ដែលត្រូវបានសាងសង់សម្រាប់ធ្វើជាផ្ទះការិយាល័យសវនកម្មរដ្ឋ ត្រូវបានដួលរលំ នៅពេលដែលទីក្រុងបាងកក មានការរញ្ជួយដីកម្រិត ៧.៧ រិចទ័រ។

អាជ្ញាធរបាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន ៨៩នាក់ពីគំនរបាក់បែក ខណៈដែល ៧នាក់នៅមិនទាន់រាប់បញ្ចូលនៅឡេីយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៉ូលីសស៊ើបអង្កេតមូលហេតុនៃការដួលរលំនេះ បាននិយាយថា ដីកាត្រូវបានចេញដើម្បីចាប់ខ្លទនមនុស្សដែលពាក់ព័ន្ធនឹងការរចនា ការសាងសង់ និងការត្រួតពិនិត្យអគារ។

ប៉ូលិសបានដាក់ឈ្មោះបុគ្គលតែម្នាក់ប៉ុណ្ណោះថាជាពាណិជ្ជករ Premchai Karnasuta ជាអតីតប្រធានក្រុមហ៊ុន Italian-Thai Development PLC ជាក្រុមហ៊ុនសំណង់ធំបំផុតមួយរបស់ប្រទេសថៃ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញគុណវិបត្តិនៃរចនាសម្ព័ន្ធនៅក្នុងរនាំងនៅក្នុងអគារ។ យ៉ាងណាមិញអាជ្ញាធរថៃនៅមិនទាន់បញ្ចេញមូលហេតុនៃការបាក់អគារនេះនៅឡើយទេ។

អគារភាគច្រើនមិនមានការខូចខាត លើកលែងតែការិយាល័យសវនកម្មរដ្ឋ ដែលជាប៉មធ្វើពីកញ្ចក់ពណ៌ខៀវ និងដែកដែលមានទីតាំងនៅទល់មុខផ្សារ Chatuchak ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម។ វាត្រូវបានសាងសង់អស់រយៈពេលបីឆ្នាំក្នុងតម្លៃជាងពីរពាន់លានបាតថៃ (៥៩ លានដុល្លារ ៤៥ លានផោន) មុនពេលវាត្រូវបានកាត់បន្ថយមកជាកម្ទេចថ្ម។

គួរបញ្ជាក់ថា ការរញ្ជួយដីដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ២៨ខែមីនាបានបណ្តាលឱ្យមនុស្សស្លាប់ជាង ៣០០០នាក់ និងរបួសជាង ៤៥០០នាក់ ដោយមានការរញ្ជួយនៅកន្លែងផ្សេងទៀតរួមទាំងនៅក្នុងប្រទេសថៃនិងភាគនិរតីនៃប្រទេសចិន។

ប្រភព៖ BBC