| |

អបអរសាទរ ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញញកំណើនសេដ្ឋកិច្ច


ដើម្បីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ កម្ពុជាបានសម្ពោធ ប្រហុក សៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ នេះជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើក កម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញលទ្ធផលនៃកិច្ចសហការយ៉ាង ជិតស្និទ្ធពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាល ជលផល និងក្រសួងពាណិជ្ជកម្ម។

ទិវាកម្មសិទ្ធិបញ្ញា ត្រូវបានចូលរួមជាអធិបតីដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងសិទ្ធិបញ្ញា (NCIP) ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងសិស្សនិស្សិត។ កាន់តែពិសេសថែមទៀតនោះ គឺមានការអានសារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរទិវាកម្ម សិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅកម្ពុជា ដែលជាឧបករណ៍សម្រាប់ជំរុញពាណិជ្ជកម្ម ឱ្យមាននិរន្តរភាព និងការអភិវឌ្ឍជនបទ។ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាបជា ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់ទ្រព្យសម្បត្តិ វប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ។ សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាការការពារ ចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ទាំងក្នុង និង ក្រៅប្រទេស។

ក្រសួងពាណិជ្ជកម្មប្តេជ្ញាបន្តពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ឱ្យក្លាយជាឧបករណ៍យុទ្ធសាស្ត្រ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន និងការបន្ថែមតម្លៃលើពាណិជ្ជកម្ម។»

សហភាពអឺរ៉ុបក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) សម្រាប់ការអភិវឌ្ឍជនបទ និងលើកកម្ពស់សេដ្ឋកិច្ច។ ឯកឧត្តម Igor Driesmans បានលើកឡើងថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) គឺជា ឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្តល់អំណាចដល់ផលិតកករខ្នាតតូចក្នុងការអភិរក្សប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រង ធនធានប្រកបដោយទំនួលខុសត្រូវ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។» ឯកឧត្តម បានបន្ថែម ទៀតថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ

ទំនិញជាង ៣៥០០ ហើយ EU បានគាំទ្រការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កម្ពុជា ជាងមួយទសវត្សន៍មកហើយតាម រយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ កិច្ចខិតខំប្រឹងប្រែងរបស់ EU ផ្តោតទៅលើច្រវាក់តម្លៃជលផលប្រកបដោយ និរន្តរភាព និងស្តង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុង ស្រុក។»

ប្រហុកសៀមរាប គឺជាផលិតផលដែលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈ ពិសេសដូចទៅនឹង ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរីផងដែរ។ ការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ គឺជាការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់អត្តសញ្ញាណផលិតផលនិងគាំទ្រដល់ការប្រកបរបរចិញ្ចឹមជីវិតនៅតាម ជនបទ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា៖ «ប្រហុកសៀមរាប គឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណីនិងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និង ជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា។» បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែកជួយជំរុញ កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយការពារទំនៀមទម្លាប់ប្រពៃណី និងបរិស្ថានផងដែរ។ ផ្អែកលើតួនាទីដ៏សំខាន់នៃ វិស័យកសិកម្មសម្រាប់សន្តិសុខស្បៀងកម្ពុជា ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់បន្ថែមថា៖ «ក្រសួងប្តេជ្ញាពង្រឹងវិស័យនេះ តាមរយៈការកែលម្អខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០»។