|

ឯកឧត្ដម ប្រាក់ សោភ័ណ៖ ខ្ញុំបាទសូមបញ្ជាក់ថារដ្ឋបាលខេត្តសៀមរាបមិនដែលសូម្បីតែគិតថាដូរឈ្មោះទីតាំងសាធារណៈណាមួយទេ


ឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រំលឹកឡើងវិញអំពីប្រសាសន៍សម្តេចតេជោដែលបានលើកឡើងថា “រៀបចំសួនដែលនៅជុំវិញសួនព្រះរាជដំណាក់ឲ្យកាន់តែស្រស់ស្អាតដើម្បីលើកកម្ពស់កិត្យានុភាព អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើងទាំងអស់គ្នា បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ រៀបចំឲ្យមានកន្លែងសម្រាប់ប្រជាពលរដ្ឋអាចហាត់ប្រាណបានច្រើន ក៏ជាកន្លែងសម្រាប់អាចប្រារព្ធកម្មវិធីល្អៗជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់អ្នកខេត្តសៀមរាប។

រដ្ឋបាលខេត្ត គួរបានសិក្សាទីតាំងដែលល្អផ្សេងពីសួននៅជុំវិញសួនព្រះរាជដំណាក់នេះ ដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វេីឲ្យប្រទេសយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ”។

ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា “ខ្ញុំបានសន្យាជាមួយសម្តេចតេជោ ក៏សន្យាជាមួយអ្នកខេត្តសៀមរាបនឹងរៀបចំសួនទាំងអស់អោយល្អស្រស់ស្អាត” ។

បន្ថែមពីនេះ ឯកឧត្តមបានបន្ថែមថា “ខ្ញុំបាទសូមបញ្ជាក់ថារដ្ឋបាលខេត្តសៀមរាបមិនដែលសូម្បីតែគិតថាដូរឈ្មោះទីតាំងសាធារណណាមួយទេ។” នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

គួររំឭកផងដែរថា កាលពីពេលថ្មីៗនេះមានការចុះផ្សាយថា ពលរដ្ឋមួយចំនួនបានសម្ដែងការមិនពេញចិត្តចំពោះរដ្ឋបាលខេត្តសៀមរាបដែលចង់ប្ដូរឈ្មោះ សួនព្រះរាជដំណាក់ទៅជាសួនតេជោសន្តិភាព។ ជុំវិញការលើកឡើងនេះ រដ្ឋបាលខេត្តបានចេញមកបញ្ជាក់ថា ពុំមានការប្ដូរឈ្មោះសួនព្រះរាជដំណាក់ទៅជាសួនតេជោសន្តិភាពនោះទេ ពោលគឺសួន តេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀតដោយឡែក ពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ៕