តារាសម្តែងចិន Barbie Hsu ឬត្រូវបានគេស្គាល់ថា សាន់ឆាយ បានទទួលមរណភាពក្នុងអាយុ ៤៩ ឆ្នាំ!
តារាសម្តែងចិនដ៏មានប្រជាប្រិយភាព Barbie Hsu ឬត្រូវបានគេស្គាល់ថា សាន់ឆាយ បានទទួលមរណភាពនាថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ក្នុងអាយុ ៤៩ ឆ្នាំ។ របាយការណ៍ពី AsiaOne បង្ហាញថា Hsu កើតជំងឺរលាកសួត បន្ទាប់ពីកើតជំងឺគ្រុនផ្តាសាយ អំឡុងពេលវិស្សមកាលគ្រួសារក្នុងប្រទេសជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្រុមគ្រួសាររបស់នាងបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់នាងហើយមានបំណងផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីមរណភាពរបស់នាងក្នុងពេលឆាប់ៗនេះ។


គួរបញ្ជាក់ថា Hsu ទទួលបានឋានៈល្បីល្បាញតាមរយៈសមត្ថភាពសម្ដែងរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ដូចជា “Meteor Garden”, “Mars” និង “Summer’s Desire” ។
ដោយឡែក ក្នុងជីវិតផ្ទាល់ខ្លួនរបស់នាង រួមទាំងអាពាហ៍ពិពាហ៍ទាំងពីររបស់នាង បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។ នាងបានរៀបការជាមួយអ្នកជំនួញជនជាតិចិន Wang Xiaofei អាយុ ៤៣ ឆ្នាំ ពីឆ្នាំ២០១១ និងបានលែងលះគ្នានៅឆ្នាំ២០២១ ដោយបន្សល់ទុកកូនពីរនាក់។



នាងបានរៀបការម្តងទៀតជាមួយ DJ Koo អាយុ ៥៥ ឆ្នាំដែលជា DJ កូរ៉េខាងត្បូងក្នុងឆ្នាំ២០២២ ត្រឹមតែបីខែបន្ទាប់ពីការលែងលះរបស់នាងជាមួយ Wang ។
ថ្មីៗនេះ Barbie បានបង្ហាញខ្លួនជាសាធារណៈដ៏កម្រ ជាមួយស្វាមី DJ Koo ក្នុងពិធីមង្គលការមួយ។ ទោះជាយ៉ាងណាក៏ដោយ ដោយស្ថានភាពជំងឺរបស់នាងមិនល្អប្រសើរ នាងបានបាត់ខ្លួនមួយរយៈ រហូតដល់ទទួលបានដំណឹងជាថ្មីថាតារាស្រីរូបនេះបានបាត់បង់ជីវិត៕
ប្រភព៖ DS, Focus taiwan