ក្រសួងសុខាភិបាលថៃស្នើឱ្យប្រជាជនទូទាំងប្រទេសធ្វើការពីផ្ទះចាប់ពីសប្ដាហ៍ក្រោយទៅ ដោយសារការបំពុលខ្យល់ស្ថិតក្នុងកម្រិតគ្រោះថ្នាក់
ក្រសួងសុខាភិបាលសាធារណៈនឹងស្នើឱ្យប្រជាជនទូទាំងប្រទេសឱ្យធ្វើការពីផ្ទះនៅសប្តាហ៍ក្រោយ បន្ទាប់ពីកម្រិតនៃការបំពុលធូលីកម្រិត PM2.5 ultrafine លើសពីកម្រិតសុវត្ថិភាពនៅស្ទើរតែគ្រប់ខេត្តកាលពីថ្ងៃអង្គារ ដោយក្នុងនោះ ទីក្រុងបាងកកស្ថិតក្នុងកម្រិតអាក្រក់បំផុត។

រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Somsak Thepsutin បាននិយាយថា ក្រសួងនឹងកោះប្រជុំនៅថ្ងៃពុធ ដើម្បីរៀបចំវិធានការដើម្បីដោះស្រាយវិបត្តិដែលកំពុងកើនឡើង។ យុទ្ធសាស្ត្រដែលបានស្នើឡើង រួមមានគោលនយោបាយការងារពីផ្ទះទូទាំងប្រទេស ដែលនឹងត្រូវស្នើទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ។
លោក Somsak ជឿជាក់ថាប្រសិនបើស្ថាប័នរដ្ឋាភិបាលអនុម័តគោលនយោបាយ នេះវិស័យឯកជននឹងអនុវត្តតាម ។
គាត់បានលើកឡើងពីការសិក្សាពីសាកលវិទ្យាល័យ Chicago ដែលកំណត់ថាការប៉ះពាល់យូរទៅនឹងកម្រិត PM២.៥ លើសពី ៣៧.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m³) អាចកាត់បន្ថយអាយុសង្ឃឹមរបស់មនុស្សប្រហែលមួយឆ្នាំ។

វិធានការមួយទៀតគឺការកំណត់តំបន់បញ្ចេញឧស្ម័នតិច (LEZs)។ ជាផ្នែកមួយនៃបញ្ហានេះ ឡានដឹកទំនិញដែលមានកង់ ៦ ឬច្រើនត្រូវបានហាមឃាត់ពីតំបន់ Ratchadaphisek នៅពេលដែលកម្រិតក្រហមនៃ PM2.5 ត្រូវបានកត់ត្រា ហើយត្រូវបានគេរំពឹងថានឹងនៅតែមានកម្រិតខ្ពស់យ៉ាងហោចណាស់ពីរថ្ងៃបន្ទាប់។
ករណីលើកលែងរួមមាន រថយន្តអគ្គិសនី រថយន្តឧស្ម័នធម្មជាតិ និងយានយន្តដែលបានចុះបញ្ជីក្នុងបញ្ជីបៃតង។

វិធានការចុងក្រោយពាក់ព័ន្ធនឹងការបិទសាលា ជាបណ្តោះអាសន្ន ដោយសាលាចំនួន ៤បានផ្លាស់ប្តូរទៅថ្នាក់រៀនអនឡាញ។
របាយការណ៍ថ្មីៗបំផុតបានបង្ហាញពីកម្រិត PM2.5 ដែលមិនមានសុវត្ថិភាពនៅក្នុងខេត្តចំនួន ៧០ ក្នុងចំណោម ៧៧ ខេត្ត។ ទីក្រុងបាងកកធំគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសាមុតសាខុនដែលនៅជាប់គ្នាបានកត់ត្រាកម្រិតខ្ពស់បំផុតគឺ ១៤៤.៨ ។
មានតែខេត្តចំនួន ៧ ដូចជា Phanngga, Surat Thani, Chumphon, Krabi, Chiang Rai, Chiang Mai និង Mae Hong Son ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ថាកម្រិតធូលីទាបជាងកម្រិតសុវត្ថិភាពរបស់រដ្ឋាភិបាល ៣៧.៥ ។

ប្រភព៖ Bangkok Post