អ្វីខ្លះទៅជាការរក្សាអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ?
ដោយសារបញ្ហាសង្គ្រាមរ៉ាំរ៉ៃជាបន្តបន្ទាប់ ពិសេសក្នុងសម័យកម្ពុជាប្រជាធិតេយ្យ ដែលត្រូវបានគេស្គាល់ថាជារបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ដឹកនាំដោយក្រុមខ្មែរក្រហម សាឡុតស ហៅប៉ុល ពត ឯកសារ ព័ត៌មាន ទិន្នន័យទាក់ទិននឹងប្រដាល់សេរី ឬគុនខ្មែរ រួមទាំងធនធានមនុស្សផងនោះត្រូវបានបាត់បង់គួរឱ្យសោកស្តាយ។
យោងទៅលើគេហទំព័រ Siemreap.net ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ជាភាសាអង់គ្លេស ប្រដាល់សេរី ឬគុនខ្មែរនេះ ត្រូវបានគេហៅថា ក្បាច់គុនបុរាណខ្មែរ ដែលតឹកតាងទាំងនេះត្រូវបានបង្ហាញជាសក្ខីភាពតាមរយៈក្បាច់ចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នក្នុងខេត្តសៀមរាប។
គិតចាប់ពីទសវត្សរ៍ឆ្នាំ៩០មក អ្នកនិយមតាមដាន និងគាំទ្រក្បាច់គុនបុរាណខ្មែរទូទាំងប្រទេស ច្បាស់ជាបានឃើញពីសន្ទុះ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងកម្រិតសមត្ថភាពកីឡាករ ទាំងការរៀបចំឱ្យមាននូវកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិនានា ឬការចេញទៅប្រកួតរបស់កីឡាករកម្ពុជានៅក្រៅប្រទេសជាដើម។
ចំណុចសំខាន់ដែលយើងចូលរួមដាស់តឿន និងក្រើនរឮក ក៏ដូចជាក្នុងគោលបំណងចូលរួមលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ គឺការអភិរក្ស និងការថែរក្សានូវអត្តសញ្ញាណ ឬតម្លៃជាខ្មែរ។ ក្នុងន័យនេះ ពួកយើងចង់រំលេចនូវចំនុចសំខាន់ៗមួយចំនួន ដែលសុទ្ធសឹងបង្ហាញយ៉ាងប្រចក្សអំពីអត្តសញ្ញាណគុនខ្មែរ ដែលក្នុងនាមយើងជាកូនខ្មែរ និងប្រជាពលរដ្ឋខ្មែរទាំងអស់គប្បីយកចិត្តទុក និងពុំគួរធ្វេសប្រហែស ឬមើលរំលង។
១. ការសំពះ៖ វាពុំមែនជារឿងថ្មីទេ ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនរមែងលើកឡើងជារឿយៗអំពីការសំពះ ដែលជាទំនៀមទម្លាប់វប្បធម៌ខ្មែរតាំងពីបូរាណកាល។ ខណៈដែលកម្ពុជាយើងកំពុងជួបប្រទះនូវវិបត្តិកូវីដ១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនកូនខ្មែរទូទៅផងដែរ អំពីការប្រើប្រាស់ការសំពះជម្រាបសួរគ្នា ជំនួសឱ្យការចាប់ដៃស្វាគមន៍គ្នា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ។ ក្នុងវិស័យប្រដាល់គុនខ្មែរឯណេះវិញ ពិសេសកីឡាករបច្ចុប្បន្ន សូមកុំមានការភ្លេចភ្លាំង និងគប្បីលើកដៃសំពះជាកិច្ចស្វាគមន៍ ឬសម្តែងគារវកិច្ចចំពោះអ្នកទស្សនាឱ្យបានញឹកញាប់គ្រប់ការប្រកួតតូចធំ ជាតិ និងអន្តរជាតិ។
២. ការថ្វាយរឮកគុនគ្រូលើសង្វៀន៖ នៅទីនេះ ពួកយើងពុំបានលម្អិតឱ្យស៊ីជម្រៅអំពីប្រភេទនីមួយៗនៃរបៀបថ្វាយបង្គំគ្រូទេ។ យ៉ាងណាមិញ បើយោងទៅលើឯកសាររបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា បានអះអាងថា របៀបថ្វាយបង្គំគ្រូរបស់កីឡាករនៅមុនពេលប្រកួតមានចំនួនរហូតទៅដល់១៧របៀបផ្សេងពីគ្នា និងមានលក្ខណៈពិសេសរៀងៗខ្លួន។ ប្រភពដដែលបានបន្ថែមថា៖ ជាជំនឿ របៀបទាំងនោះក៏អាចជួយឱ្យកីឡាករមានរាសីត្រដែត ឬមានអំណាចពិសេសពីគ្រូខាងក្បាច់គុននោះផងដែរ។ ដោយសង្កេតឃើញថា សព្វថ្ងៃក្នុងចំណោមរបៀបទាំងអស់ ត្រូវបានគេយកមកប្រើប្រាស់តែមួយចំនួនប៉ុណ្ណោះ ដែលវាក៏ជាកត្តាមួយធ្វើឱ្យបាត់នូវអត្តសញ្ញាណដើមគុនខ្មែរផងដែរ។
![](https://media.brandbodia.com/wp-content/uploads/2021/04/86351838_2767702819945555_8900870703604039680_n-1024x684.jpg)
៣. ការតុបតែងខ្លួន ឬការស្លៀកពាក់៖ ការតុបតែងខ្លួន ឬការស្លៀកពាក់របស់កីឡាករ ពួកយើងសង្កេតឃើញថា ក៏មានការអនុវត្ត ឬប្រើប្រាស់រួចហើយដែរនៅតាមកម្មវិធីប្រកួតក្នុងស្រុក ឬក្រៅស្រុក ដូចជាការចងក្រមាលើក្បាលរបស់កីឡាករមានស្លាកទង់ជាតិកម្ពុជា ការដោតទង់នៅជ្រុងឱ្យទឹកនៃសង្វៀន ការគ្រវីទង់ជាតិពេលអញ្ជើញកីឡាករ (ពិសេសប្រកួតក្រៅស្រុក ឬអន្តរជាតិ)ជាដើម ដែលនេះសបញ្ជាក់ឱ្យឃើញអំពីភាពទាក់ទាញ ឬប្លែក (unique) តាមទម្រង់ខ្មែរ ជាហេតុធ្វើឱ្យអ្នកទស្សនា ពិសេសជនបរទេសងាយសម្គាល់ថា វាជាអត្តសញ្ញាណ ឬរបស់ខ្មែរ។
![](https://media.brandbodia.com/wp-content/uploads/2021/04/58735019_2191612780954733_2000605936959356928_n-1024x768.jpg)
៤. ការប្រើប្រាស់ផ្លែ និងក្បាច់គុនខ្មែរលើសង្វៀន៖ វាក៏មិនមែនជារឿងថ្មីដែរ ដែលកីឡាករខ្មែរម្នាក់ៗតែងតែប្រើប្រាស់ស្នៀត ការចេញផ្លែ ឬក្បាច់គុនតាមរបៀប ឬទម្រង់ជាខ្មែរ ដូចជាការប្រើប្រាស់កែង ជង្គង់ ដៃ ជើងជាដើម។ ប៉ុន្តែលក្ខណៈពិសេសផ្សេងពីនេះ ដូចជាការចេញផ្លែច្បាស់ៗ រហ័ស ធ្ងន់ ស៊ូក៏ជាកត្តាមួយធ្វើឱ្យកីឡាករមានប្រៀបជាងដៃគូ ឬជាអត្តសញ្ញាណរបស់គុនខ្មែរយើងផងដែរ។ ដូចនេះក្នុងនាមជាកីឡាករស្តង់ដាម្នាក់ គប្បីព្យាយាមហ្វឹកហាត់ សិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះនៃក្បាច់បុរាណខ្មែរតាមរយៈគ្រូផង ឬខ្លួនឯងផង (ប្រព័ន្ធផ្សព្វផ្សាយទំនើប) និងការច្របាច់បញ្ចូលនៅក្បាច់គុនពិសេសៗជាច្រើនមុខពីក្បាច់គុនល្បុកតោ ឬយុទ្ធក្រមខមរបស់បុរាណខ្មែរយើងជាដើម។
![](https://media.brandbodia.com/wp-content/uploads/2021/04/90511755_2837902142925622_386274394936180736_n-1024x683.jpg)
លោកគ្រូល្បុកតោ ឬលោកតាក្រមាមាស សាន គីមស៊ាន បានឱ្យដឹងថា ក្បាច់គុនល្បុកតា មានទម្រង់ប្រមាណ៣៤១ ផ្អែកលើធម្មជាតិ និងជីវិតជាក់ស្តែង ព្រមទាំងមានបច្ចេកទេសក្នុងការប្រយុទ្ធលើពី៨០០០ក្បាច់ផ្សេងៗគ្នា ដែលនេះសុទ្ធសឹងជាគន្លឹះ ឬមេរៀនដែលកីឡាករកម្ពុជាគួរសិក្សារៀនសូត្រ។
៥. ការប្រគំភ្លេងបុរាណខ្មែរមុន និងកំឡុងពេលប្រកួត៖ ទីនេះពួកយើងក៏ពុំបានលម្អិតអំពីចង្វាក់ ឬប្រភេទនៃឧបករណ៍ភ្លេងខ្មែរដែលត្រូវយកមកប្រគំក្នុងពិធីថ្វាយគុនគ្រូ ឬកំឡុងពេលប្រកួតនោះទេ ប៉ុន្តែយើងសង្ឃឹមថា អ្នករៀបចំការប្រកួត ឬអ្នកពាក់ព័ន្ធនឹងវិស័យនេះ គប្បីយកចិត្តទុកដាក់ឱ្យបានខ្ពស់អំពីអត្តសញ្ញាណមួយនេះ ចៀសវាងការប្រើប្រាស់ខុស ឬការធ្វេសប្រហែសដោយប្រការណាមួយ ដែលនាំឱ្យខូចតម្លៃ ឬបាត់បង់តម្លៃ។ អ្វីដែលសំខាន់ និងគួរឱ្យសរសើរនោះ គឺការដង្ហែកីឡាករមកសង្វៀនដោយប្រើប្រាស់នូវក្រុមភ្លេងឆៃយ៉ាំជាដើម។
![](https://media.brandbodia.com/wp-content/uploads/2021/04/176052691_244630120769313_264928237641294768_n-1024x648.jpg)
៦. យ័ន្ត ឬបាលីគាថា៖ រឿងនេះ ពួកយើងជាកូនខ្មែរម្នាក់ប្រាកដជាបានដឹងយ៉ាងច្បាស់ថា រឿងរ៉ាវបាលីគាថា មន្តអាគមអូមអាម ឬយ័ន្តជាដើមសុទ្ធសឹងជារឿងអបិយជំនឿ ដែលអាចចាត់ចូលជាទំនៀមទម្លាប់វប្បធម៌ប្រពៃណីខ្មែរតាំងពីបុរាណកាល និងបានបង្សល់ទុក ក៏ដូចជាដក់ជាប់ក្នុងផ្នត់គំនិតខ្មែររហូតមកទល់ពេលបច្ចុប្បន្ន។ ក្នុងវិស័យប្រដាល់គុនខ្មែរ គេជឿថាវាអាចជួយឱ្យកីឡាករមានរាសីត្រដែត មានឬទ្ធិអំណាចពិសេសគ្របដណ្តប់លើគូសត្រូវ វៃមិនឈឺ ឬវៃឱ្យដៃគូងាយឈឺ ឬជំនឿផ្សេងៗទៀត ប៉ុន្តែជាមួយគ្នានេះ ក៏តម្រូវឱ្យកីឡាករនោះមានតំណម ឬការគោរពប្រតិបត្តិផ្សេងៗ រួមមានសីលធម៌ សុជីវធម៌ជាដើម។
![](https://media.brandbodia.com/wp-content/uploads/2021/04/130537737_1919905838149565_5008632890428348103_n-705x1024.jpg)
ទាំងអស់នេះ វាពុំមែនជារឿងថ្មីពេកនោះទេ វាជារឿងចាស់ៗដែលយើងម្នាក់ៗក្នុងនាមជាប្រជាពលរដ្ឋខ្មែរដែលនិយមឱ្យតម្លៃ និងរក្សានូវវប្បធម៌ អរិយធម៌ខ្មែរ ពិសេសប្រព័ន្ធសារគមនាគមន៍គប្បីយកមកផ្សព្វផ្សាយ និងលើកយកមកជជែកឱ្យបានទូលំទូលាយ ក្នុងបុព្វហេតុជំរុញឱ្យវិស័យប្រដាល់ក្បាច់គុនបុរាណខ្មែរមានការអភិវឌ្ឍ និងវឌ្ឍនភាព។ យ៉ាងណាក្តី ការចូលរួមពីសំណាក់អ្នកគាំទ្រផ្ទាល់ ការចូលរួមពីសប្បុរសជនក្នុង និងក្រៅស្រុក ក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជនជាដើម លោកគ្រូបង្ហាត់បង្រៀន និងជាពិសេសកីឡាករ/កីឡាការិនីខ្លួនឯង សុទ្ធសឹងជាកម្លាំងស្នូល ឬកម្លាំងសាមគ្គីដ៏សំខាន់ ក្នុងការចូលរួមពួតដៃគ្នាលើកស្ទួយវិស័យគុនខ្មែរឱ្យមានមុខមាត់លើឆាកអន្តរជាតិដូចប្រទេសជិតខាង តាមរយៈរូបភាពជាវិជ្ជមានផ្សេងៗ៕