សម្ដេចតេជោ ហ៊ុន សែន៖ ខណៈពេលដែលយេីងប្រជុំនៅពេលនេះ នៅឯវាលស្រែរបស់យេីងកំពុងជោរជន់ឡេីងដោយស្រូវ ហេីយឈានដល់វិបត្តិតម្លៃស្រូវ
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំឭកឡើងវិញពីការប្ដេជ្ញាចិត្តរបស់សម្ដេចក្នុងការដោះស្រាយបញ្ហាស្បៀង។

សម្ដេចបានមានប្រសាសន៍ថា «វាជារឿងអច្ឆរិយខ្លាំងណាស់ នៅពេលបោះឆ្នោតជ្រេីសរេីស ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រី គឺបាត់៨សំឡេង នៅពេលជ្រេីសរេីស ឯកឧត្តម ចាន់ សុី ធ្វេីជានាយករដ្ឋមន្ត្រី គឺបាត់៧សំឡេង។ សម្រាប់ករណីខ្ញុំជាករណីពិសេស បោះឆ្នោតសម្ងាត់ ប៉ុន្តែមួយសំឡេងណាក៏អត់បាត់ដែរ លោកជំទាវ ម៉ែន សំអន គឺជាតំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រដែលបានបោះឆ្នោតឱ្យខ្ញុំ ដូច្នេះវាជាការទទួលយកនូវបាតុភាព ដែលខ្ញុំបានខិតខំប្រឹងប្រែង រួបរួមជាមួយតួអង្គ ហេីយពេលនោះសុទ្ធសឹងតែអ្នកដែលមានវ័យចំណាស់នៅក្នុងគណ:រដ្ឋមន្ត្រីរបស់ខ្ញុំ ដែលខ្ញុំបានដឹកនាំការតស៊ូនេះ ហេីយពេលនោះ នៅពេលដែលខ្ញុំឡេីងថ្លែងនៅក្នុងសភាដែលគ្មានការព្រៀងទុកគឺខ្ញុំបាននិយាយថា «ខ្ញុំមិនត្រូវទុកឱ្យប្រជាជនណាម្នាក់អត់បាយស្លាប់ ដែលយេីងអត់បានដឹង ហេីយមិនបានដោះស្រាយ» ព្រោះនៅឆ្នាំ១៩៨៤ គ្រោះទឹកជំនន់ហេីយរាំងស្ងួតទៀតធ្វេីឱ្យបញ្ហាស្បៀងស្មុគស្មាញខ្លាំងណាស់ ដូច្នេះបេសកកម្មដំបូងរបស់ខ្ញុំគឺធ្វេីម៉េចឱ្យប្រជាជនមានស្បៀងទទួលទាន នេះជាចំណុចសំខាន់។ »

ផ្សារភ្ជាប់ជាមួយបញ្ហាស្បៀង សម្ដេចក៏បានលើកឡើងថា«
យេីងប្រជុំនៅពេលនេះ នៅឯវាលស្រែរបស់យេីងកំពុងជោរជន់ឡេីងដោយស្រូវ ហេីយឈានដល់វិបត្តតម្លៃស្រូវ។ វិបត្តិនេះបានកើតឡើងបន្ទាប់ពីឥណ្ឌាបាន បញ្ចេញស្រូវទៅលេីទីផ្សារ ចំណែកឥណ្ឌូនេសុី ចាប់ផ្តេីមកាត់បន្ថយការនាំចូលដោយសារឥណ្ឌូនេសុីក៏ជំរុញការផលិតរបស់ខ្លួនដែរ។

ដូច្នេះទាំងកម្ពុជា ទាំងវៀតណាម ទាំងថៃ សុទ្ធតែជួបវិបត្តិនេះដូចគ្នា ដែលនាំឱ្យប្រជាជនមានការកំពុងត្អូញត្អែរ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ឆ្នាំនេះជាឆ្នាំដែលយេីងអាចសល់ស្រូវលេីសពីឆ្នាំមុនៗ ប្រហែលជា ៧ លានតោន សម្រាប់បម្រេីឱ្យការនាំចេញ។ បើទោះបីជាការនាំចេញមិនបានដូចការរំពឹងទុកក៏ពិតមែន ប៉ុន្តែអង្ករល្អៗនៅតែអាចនាំចេញទៅទីផ្សារអឺរ៉ុបបាន។