ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការ ចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់អាណត្តិ ២០២៥-២០២៦ ដែលបានសម្រេចក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ បញ្ជាក់អំពី ការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
គណៈកម្មការកសាងសន្តិភាព (PBC) គឺជាស្ថាប័នប្រឹក្សារបស់អង្គការសហប្រជាជាតិ ដែលជួយដល់ប្រទេសដែលឆ្លងកាត់សង្គ្រាម និងជម្លោះ ឈានទៅរកសន្តិភាព។ ការជាប់ឆ្នោតរបស់ កម្ពុជាក្នុងស្ថាប័នដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងអំពីការគាំទ្រ និងទំនុកចិត្តយ៉ាងមុតមាំរបស់សហគមន៍ អន្តរជាតិចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីដែលកំពុងរីកលូតលាស់របស់កម្ពុជា ក្នុងវិស័យការទូត និងការកសាងសន្តិភាព។ ក្នុងនាមជាប្រទេសដែលស្រឡាញ់ និងផ្សព្វផ្សាយអំពី សារៈសំខាន់នៃសន្តិភាព កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៩០០០នាក់ ដើម្បីបម្រើការ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. ចំនួន១១ ដែលក្នុងនោះមានស្ត្រីជាង៨០០នាក់ ដែល ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៥ នៅលើពិភពលោក ក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព ពិភពលោក។ ការប្រែក្លាយខ្លួនរបស់កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម រហូតទទួលបាន សន្តិភាពយូរអង្វែង ជាពិសេសបន្ទាប់ពីរបបខ្មែរក្រហម ក៏បានផ្តល់នូវមេរៀន និងការយល់ដឹងដ៏ មានតម្លៃ ចំពោះដំណើរការនៃការបង្រួបបង្រួមជាតិ ការកសាងប្រទេស និងកិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាព។
ក្នុងឱកាសដែលកម្ពុជាទទួលយកនូវតួនាទីថ្មីដ៏សំខាន់នេះ កម្ពុជាក៏បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់គោលការណ៍របស់អង្គការសហប្រជាជាតិ។ កម្ពុជានឹងបន្ត ដើរតួនាទីសកម្ម ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពជាសាកល និងរួមចំណែកដល់ ការលើកកម្ពស់អនាគតដែលប្រកបសន្តិភាព សុវត្ថិភាព និងវិបុលភាព សម្រាប់ទាំងអស់គ្នា៕
ប្រភព៖ ក្រសួងការបរទេស