|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ស្នើឱ្យមានការឯកភាពគ្នាលើទម្រង់ School Profile តែមួយ ដើម្បីជំរុញឱ្យថ្នាលទិន្នន័យអប់រំនេះកាន់តែមានភាពល្អប្រសើរ


នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាពការងារសម្រាប់ត្រៀមសម្ពោធថ្នាលទិន្នន័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា និង App HRCPD ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ។

ទិសដៅ និងគោលបំណងនៃប្រព័ន្ធឌីជីថលរបស់ក្រសួង គឺដើម្បីបង្កើត ១). បណ្តុំទិន្នន័យរួមពីប្រព័ន្ធទាំងអស់ ដែលអាចទាញយកមកវិភាគ ជាស្ថិតិ ជូនថ្នាក់ដឹកនាំ ក្នុងការសម្រេចចិត្ត ដោយមានមូលដ្ឋានទិន្នន័យគាំទ្រ ហើយការរៀបគោលនយោបាយផ្សេងៗ ក៏អាចពឹងផ្អែកលើមូលដ្ឋានទិន្នន័យនេះផងដែរ ២). ភាពជាម្ចាស់នៃទិន្នន័យទាំងអស់ និងឯកជនភាពនៃទិន្នន័យ ដោយចំណាយធនធានតិចនៅពេលអភិវឌ្ឍ និងថែរក្សា ៣). ក្រឹត្យភាព និងប្រសិទ្ធភាព៖ ប្រព័ន្ធទាំងអស់ដែលដំណើរការត្រូវផលិតមកនូវទិន្នន័យដែលមានសុក្រឹតភាព និងផ្តល់នូវប្រសិទ្ធភាពការងារផងដែរ។

មុខងាររបស់ថ្នាលទិន្នន័យអប់រំដែលបានអភិវឌ្ឍនាពេលបច្ចុប្បន្ន រួមមាន ៖ ១). បង្ហាញស្ថានភាពអប់រំ ២). គ្រឹះស្ថានសិក្សានៅលើផែនទី ៣).ទិន្នន័យលើស-ខ្វះគ្រូ ៤). របាយការណ៍ទិន្នន័យអប់រំ ៥). ព័ត៌មានគ្រឹះស្ថានសិក្សា ៦). ឯកសារច្បាប់ និងបញ្ញត្តិផ្សេងៗ។

ដើម្បីជំរុញឱ្យថ្នាលទិន្នន័យអប់រំនេះកាន់តែមានភាពល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការការងារ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារជំនាញដូចជា ៖ សូមឱ្យមានការឯកភាពគ្នាលើទម្រង់ School Profile តែមួយ និងពង្រឹងប្រព័ន្ធព័ត៌មានសាលារៀន (School Profile) ដោយត្រូវរៀបចំជាស្តង់ដា Profile ឱ្យមានសង្គតិភាព និងភាពពេញលេញ ប្រមូលផ្តុំទិន្នន័យអប់រំឱ្យមានសុក្រឹតភាពខ្ពស់ តាមរយៈការប្រមូលផ្តុំទិន្នន័យ និងការត្រួតពិនិត្យឆ្លង (Cross-check) និងត្រូវកំណត់ដាក់ចូលព័ត៌មានចាំបាច់ ខ្លី ហើយខ្លឹម ដើម្បីងាយស្រួលមើល សូមឱ្យដាក់ព័ត៌មានឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូ ដោយផ្តោតរំលេចនូវសូចនាករគោលសំខាន់ៗ ដើម្បីងាយក្នុងការតាមដាន វាយតម្លៃ និងងាយស្រួលក្នុងការចុះជួយគាំទ្រសាលាឱ្យចំគោលដៅ សូមឱ្យដាក់បង្ហាញពីការអនុវត្តថវិកាតាមសាលារៀន ការគ្រប់គ្រងបុគ្កលិក ការប្រើប្រាស់គ្រូតាមមុខវិជ្ជា ទាំងគ្រូក្របខណ្ឌ និងគ្រូជាប់កិច្ចសន្យា ចំនួនខ្វះ-លើសគ្រូ និងព័ត៌មានគ្រូ (Teacher Profile) ដាក់បង្ហាញលទ្ធផលតេស្តស្តង់ដា និងលទ្ធផលប្រឡងប្រចាំខែ ឬឆមាសជាដើម។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននាយកដ្ឋានមួយចំនួនរបស់ក្រសួង បាននិងកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការដំណើរការ និងកិច្ចជំនាញរបស់នាយកដ្ឋាន ដែលក្នុងនោះរួមមាន៖
(១). ប្រព័ន្ធកត់ត្រាទិន្នន័យសិស្ស (School Tracking System – STS)៖ គ្រប់គ្រង និងតាមដានព័ត៌មានសិស្ស ដូចជាគ្រប់គ្រងការសិក្សា វត្តមាន និងសុខភាពរបស់សិស្សម្នាក់ៗ
(២). ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS)៖ គ្រប់គ្រងព័ត៌មានធនធានមនុស្សនៅ ក្រោមក្រសួង
(៣). ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ (EMIS) ប្រមូលទិន្នន័យប្រចាំឆ្នាំពីមតេយ្យ ដល់មធ្យមសិក្សា ជាទម្រង់ស្ថិតិ ដើម្បី រៀបរបាយការណ៍
(៤). ប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ (EFMIS)៖ គ្រប់គ្រងថវិកាទៅតាមប្រភេទផ្សេងៗ ដូចជា ការវិភាជថវិកា ការអនុវត្ត និង គ្រប់គ្រង រជ្ជទេយ្យ ។ល។
(៥). ប្រព័ន្ធគ្រប់គ្រងទិន្នន័យ សាលារៀនចំណេះទូទៅ (GEIP) ៖ គ្រប់គ្រងព័ត៌មានរដ្ឋបាលមួយផ្នែករបស់សាលាចំណេះទូទៅ
(៦). ប្រព័ន្ធគ្រប់គ្រងសាលារៀន (SIS)៖ គ្រប់គ្រងដំណើរការសាលារៀនដែលអភិវឌ្ឍន៍ និង Host ដោយក្រុមហ៊ុន Metfone
(៧). ប្រព័ន្ធឌីជីថលសម្រាប់ការសិក្សាពីចម្ងាយ Duraseksa ៖ ផ្តល់នូវធនធានឌីជីថល (វីដេអូ និង ឯកសារផ្សេងៗ) សម្រាប់ការសិក្សាបន្ថែម
(៨). ប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថានសិក្សា (SMIS)៖ គ្រប់គ្រងដំណើរការគ្រឹះស្ថានសិក្សា និងមានមុខងាររបស់ក្រសួងភ្ជាប់រួច ជាស្រេច ដែលអភិវឌ្ឍន៍ និង Host ក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួង៕

ប្រភព៖ MoEYS