| |

ថៃលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនដែលជាកូនចៅចិន ឱ្យប្រើប្រាស់ក្រដាសឌីជីថល ជំនួសឱ្យការដុតក្រដាសពិត ដើម្បីចៀសវាងការបំពុលខ្យល់កាន់តែខ្លាំង


រដ្ឋាភិបាលថៃកាលពីថ្ងៃទី ២៦ ខែមករា បានអំពាវនាវឱ្យកូនចៅចិនប្រើប្រាស់ក្រដាសឌីជីថលតាមអ៊ីនធឺណិត ជំនួសឱ្យការដុតក្រដាសពិត ដែលជាផ្នែកនៃប្រពៃណីចូលឆ្នាំចិនរបស់ពួកគេ ដើម្បីជួយកាត់បន្ថយការបំពុលបរិយាកាស ដែលកំពុងបង្កហានិភ័យខ្លាំង។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Anukul Prueksanusak មានប្រសាសន៍ថា រដ្ឋាភិបាលស្វែងរកកិច្ចសហប្រតិបត្តិការពីកូនចៅចិន ដើម្បីចៀសវាងការដុតក្រដាសសែននៅអំឡុងពេលពិធីបុណ្យចូលឆ្នាំចិននេះ។
ផ្ទុយទៅវិញ ពួកគេត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសសម្រាប់ការផ្តល់ជូនក្រដាសនិម្មិត ឬឌីជីថលវិញវិញ

លោក Anukul បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់ ជាពិសេសដោយសារតែទីក្រុងបាងកក និងទីក្រុងធំៗមួយចំនួនក្នុងប្រទេសថៃត្រូវបានញាំញីដោយកម្រិតគ្រោះថ្នាក់នៃសារធាតុពុល PM2.5 ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន នឹងប្រារព្ធឡើងទៅនាថ្ងៃទី២៧ ២៨ និង២៩ ខែមករា ឆ្នាំ២០២៥ ដោយតាមទម្លាប់ប្រជាពលរដ្ឋដែលមានជាប់ខ្សែស្រឡាយចិន និងរៀបចំសែនរួមជាមួយការដុតក្រដាសជាលុយ ឡាន សម្លៀកបំពាក់ជាដើម ដើម្បីឧទ្ទិសដល់បុព្វបុរសរបស់ខ្លួន។ ការណ៍នេះ បានបង្កឱ្យរដ្ឋាភិបាលថៃត្រូវតែដាក់ចេញនូវវិធានការការពារទុកជាមុន ដើម្បីចៀសវាងការបំពុលខ្យល់ដែលកាន់តែអាក្រក់ឡើង៕

ប្រភព៖ The straits times