ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រសួងមុខងារសាធារណៈកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការសម្រេចចក្ខុវិស័យសម្ដេចធិបតី


ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី
« វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ក្នុងនាមជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អ្វីដែលឯកឧត្តមចង់បាន គឺការប្រែក្លាយចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងក្របខណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈឱ្យក្លាយទៅជាសមិទ្ធផលជាក់ស្ដែង។

អ្វីដែលក្រសួងមុខងារសាធារណៈ បាននិងកំពុងធ្វើនេះក៏ជាការចូលរួមបន្តធ្វើទំនើបកម្មនៃប្រព័ន្ធរដ្ឋបាលសាធារណៈ ដើម្បីធានាឱ្យកំណែទម្រង់រដ្ឋបាលសាធារណៈ មានភាពធន់ មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ស្របតាមចក្ខុវិស័យរបស់សម្ដេចធិបតីទៅលើកិច្ចការងារមួយដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការសម្រេចចក្ខុវិស័យសម្ដេចធិបតី ហើយឯកឧត្តមសង្ឃឹមថាបងប្អូនជនរួមជាតិ នឹងតាមដានវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈចំពោះបេសកកម្មមួយនេះ៕