ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ពីមូលហេតុ ដែលក្រសួងមុខងារសាធារណៈរៀបចំឱ្យមានការប្រលងគ្រូអនុវិទ្យាល័យដោយប្រមូលផ្ដុំគ្នានៅភ្នំពេញ!
ដំណើរការប្រលងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ក្រោមកំណែទម្រង់របស់ក្រសួងមុខងារសាធារណៈ បានបញ្ចប់ទៅដោយរលូនកាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ ក៏មានចម្ងល់ពីសំណាក់អាណាព្យាបាល ក៏ដូចជាបេក្ខជនមួយចំនួន ថាតើហេតុអ្វីក្រសួងមិនរៀបចំការប្រលងនៅតាមខេត្តដែលបេក្ខជនបានដាក់ពាក្យ? ហេតុអ្វីត្រូវរៀបចំការប្រលងរួមគ្នានៅរាជធានីភ្នំពេញ ដែលនាំឱ្យបេក្ខជនត្រូវចំណាយច្រើនលើការធ្វើដំណើរ?
![](https://media.brandbodia.com/wp-content/uploads/2024/05/DSC08394-1024x576.jpg)
ឆ្លើយតបទៅនឹងការលើកឡើងនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានស្រាយបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី
« វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា មុនពេលដាក់ឱ្យអនុវត្តនិយាមនេះ គណៈកម្មការរៀបចំការប្រលង រួមទាំងថ្នាក់ដឹកនាំ បានគិតគូទៅនីតិវិធីនៃការប្រលង រវាងការប្រលងរួមគ្នានៅរាជធានីភ្នំពេញ និងការប្រលងតាមបណ្ដាខេត្តដែលបេក្ខជនបានដាក់ពាក្យ ប៉ុន្តែចុងក្រោយក្រសួងបានសម្រេចឱ្យរៀបចំការប្រលងរួមគ្នានៅរាជធានីភ្នំពេញ។
![](https://media.brandbodia.com/wp-content/uploads/2024/05/DSC08237-1024x576.jpg)
ការសម្រេចនេះ គឺដើម្បីធានាឱ្យបាននូវភាពស្មើភាពគ្នា ដោយផ្អែកទៅលើសមត្ថភាពពិតប្រាកដ «អ្នកចេះ គឺជាប់» ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និហប្រសិទ្ធភាព។
មួយវិញទៀត គឺដើម្បីធានាបាននូវភាពសុក្រឹត យុត្តិធម៌ តម្លាភាពពីមួយដំណាក់កាលទៅមួយដំណាក់កាលនៃការប្រលង ជាពិសេសការគ្រប់គ្រងវិញ្ញាសារ មិនឱ្យមានការបែកធ្លាយវិញ្ញសារ ការប្រមូលផ្ដុំ គឺជាវិធីដ៏ល្អសម្រាប់ដំណើរការប្រលង របស់បេក្ខជនដ៏ច្រើនដែលបានដាក់ពាក្យប្រលង។
![](https://media.brandbodia.com/wp-content/uploads/2024/05/DSC08538-1024x576.jpg)
ឯកឧត្តម ក៏បានសូមឱ្យសាធារណជនជឿជាក់លើអ្វីដែលក្រសួងខិតខំធ្វើ ក្នុងការងារកំណែទម្រង់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា បើមានជនណាដែលអះអាងថាមានសមត្ថភាពជួយឱ្យប្អូនៗ ប្រលងជាប់ នោះជារឿងបោកប្រាសទេ។ ក្រសួងផ្ដល់ឱកាសច្រើន និងស្មើៗគ្នាដល់បេក្ខជន ប៉ុន្តសមត្ថភាពពិតប្រាកដ គឺអាស្រ័យលើបេក្ខជនខ្លួនឯង៕