|

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តដើរតួនាទីប្រៀបបានទៅនឹងអាណាព្យាបាលរបស់គូស្វាមីភរិយាមួយគូ គឺនិយោជក និងកម្មករ-និយោជិត


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលបន្តដើរតួនាទីប្រៀបបានទៅនឹងអាណាព្យាបាលរបស់គូស្វាមីភរិយាមួយគូ គឺនិយោជក និងកម្មករ-និយោជិត តាមបណ្តារោងចក្រសហគ្រាស ដើម្បីរក្សាបាននូវសុខដុមនីយកម្ម តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់ បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើង នៃ ទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែង ធ្វើការងារ រក្សាបាននូវភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព។

ប្រសាសន៍នេះត្រូវបានធ្វើឡើង ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ដែលមានចំនួន ៥.១៨៧នាក់ ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្ត មួយ” នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

សម្តេចធិបតី បានរំលេចផងដែរថា តាមរយៈគោលនយោបាយដឹក នាំ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិកន្លងមក បានធ្វើឱ្យប្រទេសកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយធានាបានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការធានាបាននូវធនធានមនុស្ស និងការដាក់ចេញនូវគោលនយោបាយអំណោយផលនានាដើម្បីលើកទឹកចិត្ត និងបង្កើតបរិយាកាសវិនិយោគប្រកបដោយបរិយាប័ន្ន ហើយបានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ នៅគ្រប់ដំណាក់កាលបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងបានជួយកែប្រែ ជីវភាពរស់នៅ ប្រាក់ចំណូល និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត រួមទាំងការទទួលបាននូវកិច្ចគាំពារសង្គមកាន់តែប្រសើរ មានឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីព ជាអាទិ៍ថា (១). ត្រូវចូលរួម អនុវត្តច្បាប់ និង ពង្រឹងវប្បធម៌អនុលោមភាពតាមច្បាប់ ។ (២). ត្រូវខិតខំពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក្នុងវិស័យការងារ ដើម្បី បំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានតម្លាភាព ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ ស្របតាមច្បាប់ ។ ៣. ត្រូវយកចិត្តទុកដាក់ និងចូលរួម ក្នុងកិច្ចការវិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងត្រូវចាត់ទុករោងចក្រសហគ្រាសជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក៕

ប្រភព៖ STPM