|

ឯកឧត្តម ហ៊ុន ម៉ានី ជំរូញឱ្យតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ


នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «ប្រមាណ៤ខែចុងក្រោយនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងខ្លឹមសារ ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់នៅមូលដ្ឋានលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីកែទម្រង់នានា របស់រាជរដ្ឋាភិបាលសំដៅដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរផង ក៏ដូចជាសិក្សាពីស្ថានភាព ឬបញ្ហាប្រឈមនានាក្នុងមូលដ្ឋានរាយការណ៍ជូនរាជរដ្ឋាភិបាលក្នុងគោលដៅស្វែងរកដំណោះស្រាយ និងដើម្បីបំពេញបន្ថែមតម្រូវការនានា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពផង»។

ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលបានសហការការងារ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេលដ៏ខ្លី ស្របតាមការណែនាំ និងការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ក៏បានលើកទឹកចិត្ត និងណែនាំបន្ថែមដល់ក្រុមការងារទាំងអស់ ឱ្យបន្តការងារស្នូលដែលក្រុមការងារបាន និងកំពុងធ្វើ និងធ្វើរបាយការណ៍ជាប្រចាំដាក់ជូនថ្នាក់ដឹកនាំជាបន្តបន្ទាប់។ ស្ថិតក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល ឯកឧត្តម បានជំរុញឱ្យក្រុមការបន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ និងការជួយសម្របសម្រួលការងារនានាជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនឱកាសនានាដល់យុវជនតាមបណ្តាមូលដ្ឋានបានដឹង និងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្នជាដើម។

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ក្រុមការងារទាំងអស់ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តអនុវត្តតួនាទីភារកិច្ចកាន់តែខ្ជាប់ខ្ជួន ស្របតាមការណែនាំ តម្រង់ទិសរបស់រាជរដ្ឋាភិបាល និងប្រកបដោយភាពច្នៃប្រឌិតតាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ។

ប្រភព៖ Hun Many