|

ឯកឧត្តម ហ៊ុន ម៉ានី «ការការពារនូវសុខសន្តិភាព គឺជាការការពារឱកាស ការពារនូវចំណូលជីវភាពប្រចាំថ្ងៃ ក្រោមម្លប់នៃសន្តិភាពដែលមាន និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល»


«គុណតម្លៃនៃសុខសន្តិភាព គឺជាបរិយាកាសដែលកម្ពុជា អាចរួបរួមកម្លាំងសាមគ្គី ធ្វើកិច្ចការក្នុងប្រទេសផង និងកិច្ចការងារក្រៅប្រទេស ជាពិសេសលើការនាំមកនូវការវិនិយោគមកកម្ពុជា»

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តវិហារខ្ពស់ ដែលស្ថិតនៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ និមន្ត និងអញ្ជើញចូលរួម ក្នុងពិធីនោះ រួមមាន ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺ និងបងប្អូន ប្រជាពលរដ្ឋជាច្រើនរូប។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបានគូសបញ្ជាក់ពីគុណតម្លៃនៃសុខសន្តិភាព ដែលរាល់ពេលយើងលឺពាក្យសន្តិភាព យើងគប្បីរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។ឯកឧត្តមបានបន្តលើកឡើងថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ដែលកំពុងរស់នៅក្រោមម្លប់នៃសន្តិភាព ត្រូវនឹកឃើញដល់យុវជនជំនាន់មុន ដែលបានលៈបង់ និងពុះពារ ដើម្បីដណ្តើមយកសុខសន្តិភាពជូនប្រទេសជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទៀតថា «គុណតម្លៃនៃសុខសន្តិភាព គឺជាបរិយាកាសដែលកម្ពុជា អាចរួបរួមកម្លាំងសាមគ្គី ធ្វើកិច្ចការក្នុងប្រទេសផង និកិច្ចការងារក្រៅប្រទេស ជាពិសេសលើការនាំមកនូវការវិនិយោគមកកម្ពុជា» ដែលរាល់ការវិនិយោគ និងផ្តល់ជាឱកាសការងារ និងចំណូលជូនប្រជាជន ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា « ការការពារនូវសុខសន្តិភាព គឺជាការការពារឱកាស ការពារនូវចំណូលជីវភាពប្រចាំថ្ងៃដែលមានក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល »។ ជាមួយគ្នានេះ ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តជឿជាក់លើ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្ត បេសកកម្មពី សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់រូប។