ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រកួតបាល់ទាត់មិត្តភាព និងសប្បុរសធម៌ ដោយអង្គាសថវិកាជាងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប
កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងលោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមបាល់ទាត់ ខ្ញុំស្រលាញ់កំពង់ស្ពឺ ប្រកួតជាមួយក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពេីស្តារ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទាត់មិត្តភាព និងសប្បុរសធម៌ ក្រោមប្រធានបទ «មាតាដ៏អស្ចារ្យ ដើម្បីស្នាមញញឹមកុមារ»។
កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា រួមជាមួយមូលនិធិសប្បុរសធម៌ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «មិនថាលទ្ធផលឈ្នះ ឬចាញ់នោះទេ គឺយើងបានឈ្នះទាំងអស់គ្នា។ នោះគឺឈ្នះនូវស្នាមញញឹម និងភាពសប្បាយរីករាយជូនអ្នកកំពង់ស្ពឺ»។
ការប្រកួតកាលពីម្សិលមិញនេះ បានរៃអង្គាសថវិកាសម្រាប់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានចំនួន ១៦៨ លានរៀល និង ១៣០០ ដុល្លារសហរដ្ឋអាមេរិក ដោយមិនទាន់រាប់បញ្ចូលថវិកាដែលទទួលបានពីការលក់សំបុត្រ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយ ដែលបានរួបរួមគ្នា ចូលរួមចំណែកក្នុងបុព្វហេតុមនុស្សធម៌មួយនេះ ដោយឯកឧត្តមចាត់ទុកងា ទោះតិច ឬច្រើនក្តី ទឹកចិត្តដ៏ប្រពៃនេះសរបញ្ជាក់ពីស្មារតីសាមគ្គីភាពយ៉ាងធំធេង សមដូចពាក្យស្លោករបស់យើងថា “រួមគ្នាដើម្បីឲកំពង់ស្ពឺ”។