ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកទង្វើរបស់ជនជាតិចិន ២ នាក់ ដែលផលិតមាតិកាវីដេអូនៅខេត្តព្រះសីហនុ ថាជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ
កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅព្រះរាជាណាចក្រកម្ពុជា។
ជុំវិញបញ្ហានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងតាមរយៈបណ្ដាញសង្គមផ្លូវការថា «នេះជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង២នេះ ក្នុងមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។ ទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសារជាថ្មីម្តងទៀតនោះទេ។»
ឯកឧត្តមបានបន្តថា «ខ្ញុំសូមគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្ត នៅអនាគត មិនថាប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិរបស់យើង។»
គួរបញ្ជាក់ថា តុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួនពីរនាក់នេះ ដាក់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនៅខេត្តព្រះសីហនុ៕