យុវជនជាក្រុមមនុស្សសំខាន់រួមចំណែកក្នុងការដោះស្រាយបញ្ហាបរិស្ថានដើម្បីមរតកមនុស្សជាតិ


បញ្ហាការគំរាមកំហែងចំពោះបញ្ហាបរិស្ថាន ដែលបង្កឡើងដោយសកម្មមនុស្ស មិនមែនជារឿងថ្មីនោះទេសម្រាប់បណ្ដាប្រទេសនានាលើពិភពលោក។ កម្ពុជាក្នុងបរិបទដែលជាប្រទេសកំពុងអភិវឌ្ឍហើយក៏កំពុងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងឥរិយាបថរបស់មនុស្សចំពោះបរិស្ថាន ជាពិសេសគឺការយល់ដឹងពីស្រទាប់យុវជនតែម្តង ពីព្រោះថាមនុស្សជាកត្តាចម្បងដែលនាំមកនូវផលប៉ះពាល់ចំពោះបរិស្ថាន ហើយជាមួយគ្នានេះ មនុស្សក៏ជាកត្តាដ៏ចម្បងដែរក្នុងការរួមចំណែកថែរក្សា ការពារបរិស្ថានយើង។

លោកស្រី ហេង សុខនី អ្នកផលិតព័ត៌មានឯករាជ្យមួយរូប និងជាអ្នកដែលបានចូលរួមច្រើនក្នុងកិច្ចការសង្គម បានបង្ហាញចំណាប់អារម្មណ៍ និងការយល់ឃើញផ្ទាល់ខ្លួនថា «បញ្ហាបរិស្ថានមិនមានព្រំដែនដូចប្រទេសនោះទេ បើទោះបីជាមនុស្សណាម្នាក់ ឬប្រទេសណាមួយ ជាអ្នកបង្កផលប៉ះពាល់ដល់បរិស្ថានក៏ដោយ ក៏អំពើដែលពួកគេបានធ្វើនឹងឱ្យផល ឬសាយភាយចំពោះមនុស្សគ្រប់គ្នាដែលរស់នៅលើផែនដីនេះ។ ហេតុនេះហើយ បានជាយើងត្រូវចាំបាច់ចូលរួមចំណែកក្នុងការងារនេះ ដើម្បីបន្សល់ទុកនូវមរតកបរិស្ថានដែលមិនមានហានិភ័យដល់មនុស្សជំនាន់ក្រោយ។ តើយុវជនយើងអាចចូលរួមដោះស្រាយបញ្ហាបរិស្ថានដ៏រ៉ាំរ៉ៃនេះបានដោយរបៀបណា?

លោកស្រី ហេង សុខនី បានបន្តទៀតថា «យើងអាចចូលរួមកាត់បន្ថយផលប៉ះពាល់បានច្រើនរបៀប ប៉ុន្តែកត្តាដែលសំខាន់ជាងគេ គឺការបណ្ដុះឥរិយាបថយុវជនឱ្យពួកគេចេះទទួលខុសត្រូវលើសំរាមដែលខ្លួនប្រើប្រាស់ប្រចាំថ្ងៃ ការនេះជាភាពសាមញ្ញ ងាយធ្វើ និងមិនចំណាយប្រាក់កាសអ្វីទាំងអស់។ តែកាលណាយុវជនមានការទទួលខុសត្រូវក្នុងបញ្ហាសំរាម និងមានការយល់ដឹងអំពីបរិស្ថានហើយនោះ ពួកគេនឹងផ្សព្វផ្សាយបន្តទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជំនាន់ក្រោយរបស់ពួកគេតាមវិធីផ្សេងៗ ហើយស្របនឹងបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនផង ពួកគេដែលមានចំណេះដឹងឌីជីថលនេះ នឹងបញ្រ្ជាបការយល់ដឹងតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមដូចជាការផលិតមាតិការអប់រំអំពីបរិស្ថានជាដើម ទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគេ ឱ្យស្រឡាញ់បរិស្ថានដូចគ្នាដែរ ហើយការធ្វើបែបនេះពិតជាមានឥទ្ធិពលខ្លាំង និងមានវិសាលភាពទូលំទូលាយ»។

ដូច្នេះ បរិស្ថានបៃតង ផ្ដើមចេញពីយើងទាំងអស់គ្នា និងផ្ដើមចេញពីទម្លាប់ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ សង្គមនីមួយៗ រហូតដល់ប្រទេសនីមួយៗ ដែលឈានទៅដល់ការកាត់បន្ថយការផលប៉ះពាល់ចំពោះបរិស្ថានបានយ៉ាងល្អប្រសើរ ហើយសកម្មភាពនេះនឹងរីកសាយភាយរហូតទៅតាមរយៈចលករយុវជនដ៏មានសក្តានុពល៕