នាវាទេសចរណ៍ខ្នាតយក្ស Westerdam ធ្វើឱ្យពិភពលោកកាន់តែស្គាល់ច្បាស់ពីសក្ដានុពលកម្ពុជា
នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរំលេចសារស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី ដែលធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត តាមរយៈការនាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។
![](https://media.brandbodia.com/wp-content/uploads/2023/12/IMG_9004-1024x682.jpg)
នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។
![](https://media.brandbodia.com/wp-content/uploads/2023/12/IMG_9005-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2023/12/IMG_9002-1024x682.jpg)
តាមរយៈសារនេះ សម្ដេចធិបតីបានបញ្ជាក់ថា “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន។
![](https://media.brandbodia.com/wp-content/uploads/2023/12/IMG_9007-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2023/12/IMG_9010-1024x682.jpg)
ប្រភព៖ STPM