|

ឯកឧត្តម ហ៊ុន ម៉ានី៖ «ប្រសិនបើអ្នកបានជោគជ័យហើយ សូមចងចាំកម្ពុជា។ សូមទុកកម្ពុជាក្នុងបេះដូង ព្រោះថាយើងទាំងអស់គ្នាមានទំនួលខុសត្រូវលើជោគវាសនាអនាគតជាមួយគ្នា។»


នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីស្រមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO AWARD 2023 កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនេះ ឯកឧត្តម បានលើកឡើងថា ពីបុគ្គលម្នាក់ ទៅជាមនុស្សមួយក្រុម។ ពីមនុស្សមួយក្រុម បង្កើតបានជាសហគមន៍ ហើយសហគមន៍នីមួយៗ រួមគ្នាលើកស្ទួយសង្គមជាតិ។ សហគ្រិនមួយរួបបានផ្តល់ឱកាសដល់មនុស្សជាច្រើនរូបផ្សេងទៀតឱ្យមានឱកាសបានរីកចម្រើនជាមួយគ្នា មិនថាតាមរយៈការធ្វើអាជីវកម្ម ឬឱកាសការងារនោះទេ។ ភាពជោគជ័យរបស់សហគ្រិនទាំងអស់ មិនត្រឹមតែបានលើកកម្ពស់ភាពរីកចម្រើនដល់ស្ថាប័នអាជីវកម្ម សហគ្រាស ឬសហគមន៍របស់ខ្លួនតែប៉ុណ្ណោះទេ ថែមទាំងបានពង្រីកការងារជូនប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែ កដល់ការពង្រឹងភាពធន់នៃខឿនសេដ្ឋកិច្ចជាតិទៀតផង។

ឯកឧត្តម បានបន្តថា អ្នកជោគជ័យ មានមនុស្សជាច្រើនទៀតដែររួមចំណែកក្នុងភាពជោគជ័យជាមួយគ្នា។ ប្រសិនបើអ្នកបានជោគជ័យហើយ សូមចងចាំកម្ពុជា។ សូមទុកកម្ពុជាក្នុងបេះដូង ព្រោះថាយើងទាំងអស់គ្នាមានទំនួលខុសត្រូវលើជោគវាសនាអនាគតជាមួយគ្នា ក្នុងសង្គមកម្ពុជាតែមួយ។

គួរបញ្ជាក់ថា CEO Master Club បានវិវត្តខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេល១៤ឆ្នាំរបស់ខ្លួន ក្លាយទៅជាសហគមន៍សហគ្រិនមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មជំរុញសហគ្រិនភាព បង្កើនកំណើនសេដ្ឋកិច្ច តាមរយៈសមាជិកសមាជិកា រាប់ពាន់នាក់ លើអាជីវកម្មប្រមាណ៣៤០០ក្រុមហ៊ុន ហើយ បានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ១៧ ម៉ឺននាក់៕