ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ណែនាំឱ្យគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ត្រៀមខ្លួនឲ្យបានល្អសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ


នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានអញ្ជើញចូលរួមជាធិបតី ក្នុងពិធីបិទ “ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣” នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ព្រមជាមួយវត្តមានថ្នាក់ដឹកនាំក្នុងវិស័យកីឡាតេក្វាន់ដូជាច្រើនរូប មកពីខេមរសហព័ន្ធតេក្វាន់ដូ WT អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ នាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា គណៈកម្មាធិការប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូ និង តំណាងក្លឹបតេក្វាន់ដូ WT តាមបណ្តាក្រសួង-រាជធានី-ខេត្ត។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពជោគជ័យ ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំហ្វឹកហាត់ និងគោរពបទបញ្ជាប្រកួតបានយ៉ាងខ្ជាប់ខ្ជួនទោះបីជាលទ្ធផលចាញ់ឬឈ្នះក៏ដោយ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឲ្យគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ត្រៀមខ្លួនឲ្យបានល្អដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) នាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ មានការចូលរួមពីកីឡាករ កីឡាការិនីសរុប១២០នាក់ មកពី២៤ក្លឹបនៃរាជធានី-ខេត្ត និងក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងការពារជាតិ ដែលប្រជែងមេដាយពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅ OCIC ប្រភេទកីឡាតេក្វាន់ដូ WT ដណ្តើមបានមេដាយ សរុបចំនួន ១៧ គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង មេដាយប្រាក់ ២គ្រឿង និង មេដាយសំរឹទ្ធិ ១១គ្រឿង ដែលជាកំណត់ត្រាជោគជ័យថ្មី របស់ខេមរសហព័ន្ធតេក្វាន់ដូ ហើយក៏ជាកិត្តិយសជាតិមាតុភូមិផងដែរ៕

ប្រភព៖ MoEYS