ឯកឧត្តម ហ៊ុន ម៉ានី៖ ពាក្យថា « ជំនឿទុកចិត្តដែលបានមកពីប្រជាពលរដ្ឋ» ត្រូវការការអនុវត្តជាប្រចាំ ហើយត្រូវការពេលវេលា
នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែលសាលាភូមិន្ទរដ្ឋបាលនៃ ក្រសួងមុខងារសាធារណៈ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងព័ត៌មាន និងសាលាជាតិគយ។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រទៅវិញទៅមក ពាក់ព័ន្ធនឹងការអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់អត្ថប្រយោជន៍ដល់ដៃគូភាគីទៅវិញទៅមក។ ជាមួយគ្នានេះ ក៏ជាការសបញ្ជាក់អំពីការផ្តល់ជំនឿទុកចិត្តមកលើសាលាភូមិន្ទរដ្ឋបាល ដែលជាស្ថាប័នមានវ័យចំណាស់ មានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការដើម្បីបម្រើការងារតាមស្ថាប័ន និងអង្គភាពនានា។
ឯកឧត្តមបន្តថា ពាក្យថា «ជំនឿទុកចិត្ត» ឬ « ជំនឿទុកចិត្តដែលបានមកពីប្រជាពលរដ្ឋ» ត្រូវការការអនុវត្តជាប្រចាំ ហើយត្រូវការពេលវេលា។ ដូច្នេះ ការងារដែលយើងកំពុងតែធ្វើប្រចាំថ្ងៃជាវិជ្ជមានទាមទារពេលវេលា និងការប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់ជាផែនទីចង្អុលផ្លូវសម្រាប់ការរៀបចំផែនការលម្អិតក្នុងទម្រង់ផ្សេងៗនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និត និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីសហការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត។ ជាងនេះទៅទៀត ការងារនេះ ជាការចូលរួមក្នុងស្មារតីបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលជាចក្ខុវិស័យដ៏ច្បាស់លាស់ នៃយុទ្ធសាស្ត្របញ្ចកោណ៕
ប្រភព៖ Hun many