សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតណែនាំឱ្យរៀបចំផ្លូវដែកអាចឱ្យរត់បានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង
នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ ជួបសំណេះ សំណាលជា មួយ កម្មករ និយោជិតប្រមាណ ១៥,១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាចេជាងហ្គ័រជី ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងបន្ថែមទៀតដើម្បីជំរុញទៅដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ និងបានជំរុញរៀបចំផ្លូវដែកអាចឱ្យរត់បានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញការចរចាជាមួយភាគីជប៉ុន ដើម្បីទម្លាក់កម្ចីយកទៅស្ថាបនាពង្រីកកំពង់ផែស្វយ័ត្ន ព្រះសីហនុ បន្ថែមនាដំណាច់ឆ្នាំ២០២៣នេះ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ ជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
គួរបញ្ជាក់ថា នេះគឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មករ និយោជិតដែលចូលរួមក្នុងពិធីនេះ មកពីរោងចក្រ សហគ្រាសចំនួន៣០ រួមមាន៖ រោងចក្រផលិតគ្រឿងសង្ហារិមចំនួន១១, កាត់ដេរសម្លៀកបំពាក់ចំនួន៤, ផលិតសម្ភារៈសត្វចំនួន២, ផលិតកេសកាតុងចំនួន២, ផលិតចំណីសត្វចំនួន២, ផលិតថ្មម៉ាបចំនួន១, កែច្នៃស្បែកចំនួន១, ផលិតសម្ភារៈការិយាល័យចំនួន១, ដេរស្បែកជើងចំនួន១, ផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនួន១, ជ្រលក់ក្រណាត់ចំនួន១, ផលិតអេប៉ុងចំនួន១, និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងប្លាស្ទិកចំនួន១៕