ឯកឧត្តម ហ៊ុន ម៉ានី៖ លើសពីការសម្ពោធសមិទ្ធផលថ្មី ថ្ងៃនេះជាការប្រកាសដាក់ដំណើរការកម្មវិធីនយោបាយទី១ របស់រាជរដ្ឋាភិបាលកម្ពុជា!


នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ដែលជាមន្ទីរពេទ្យធំជាងគនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រើប្រាស់ជាផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជុំវិញការសម្រេចបាននូវសមិទ្ធផលដ៏ធំសម្រាប់កម្ពុជានាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលេចសារអបអរ នៅលើទំព័រផ្លូវការរបស់ឯកឧត្តម ជាមួយនឹងខ្លឹមសារថា៖ «សូមចូលរួមអបអរសាទរពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្មី មួយបន្ថែមទៀតសម្រាប់បម្រើសេវាសាធារណៈ និងផ្តល់ជាប្រយោជន៍ដ៏មានសារៈសំខាន់ក្នុងការថែរក្សាសុខុមាលភាពជូនប្រជាពលរដ្ឋបន្ថែមមួយកម្រិតទៀត។ ជាមួយការដាក់សម្ពោធមន្ទីរពេទ្យនេះ ប្រជាពលរដ្ឋគ្រប់ៗរូបនឹងទទួលបានសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យដែលធំជាងគេនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ក្នុងកម្រិតស្តង់ដារខ្ពស់ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន។»

ឯកឧត្តម ក៏បានគូសរំលេវផងដែរថា «ការរីករាលដាលជំងឺកូវីដ១៩ ដែលយើងបានឆ្លងកាត់ប៉ុន្មានឆ្នាំកន្លងមកនេះ បានដាស់តឿនយើងឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាមួយនឹងសុខភាពសាធារណៈ ដែលវាអាចញាំញីយើងបាននៅគ្រប់ពេលវេលា។ កាលៈទេសៈនោះ ក៏បានផ្ដល់មេរៀនឱ្យយើង ធ្វើយ៉ាងណាពង្រឹងការផ្ដល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ទាំងបរិមាណ និងគុណភាព ដ្បិតថាកត្តាសុខភាព តែងតែផ្សារភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលជាតម្រូវការខានមិនបាន។ ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្តិភាព នឹងក្លាយទៅជាទីកន្លែងគាំពារសុខភាពជូនប្រជាជនមួយកន្លែងទៀតប្រកបដោយគុណភាព គុណធម៌ និងសមធម៌។

អ្វីដែលជាដំណឹងល្អបន្ថែម លើសពីការដាក់ដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាថ្ងៃនេះ គឺជាការប្រកាស របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដាក់ដំណើរការកម្មវិធីនយោបាយទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលត្រូវអនុវត្តឆ្នាំ២០២៣។ ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល គឺជាផ្តល់ការថែទាំសុខភាព ដោយមានការបែងចែកផលលាភដោយសមធម៌ និងប្រកបដោយការយកចិត្តទុកដាក់ជូនគ្រួសារងាយរងហានិភ័យ និងប្រជាពលរដ្ឋដែលកំពុងមានការលំបាក ក្នុងវិសាលភាពគោលដៅរហូតដល់ប្រមាណ ៧,៤ លាននាក់។»

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា «ស្របពេលនៃការដាក់សម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដ៏មានសារៈសំខាន់នេះ ខ្ញុំសូមយកឱកាសនេះកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារពាក់ព័ន្ធទាំងអស់ គ្រប់ជាន់ថ្នាក់ ព្រមទាំង អ្នកជំនាញដែលបានសិក្សា សាងសង់សមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ និងប្រជាជន។ ជាងនេះទៅទៀត ខ្ញុំពិតជាសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ កាលពីអាណត្តិទី៦ និង ការគិតគូររៀបចំគោលនយោបាយអាទិភាព របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧នេះ ដែលជានិច្ចកាលលោក តែងតែគិតគូរពីជាតិ និងសុខទុក្ខរបស់ប្រជាជនជាចម្បង។ ការដាក់ដំណើរការមន្ទីរពេទ្យជាតិតេជោសន្តិភាព និង ការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពថ្ងៃនេះ ជាចំណងដៃដ៏ពិសិដ្ឋសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។»

គួរបញ្ជាក់ថា មន្ទីរពេទ្យ «តេជោសន្តិភាព» បានចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុនស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយការសាងសង់នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ ដែលជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា៕