|

កម្ពុជា បង្ហាញជំហរមិនរត់ចោលអ៊ីស្រាអ៊ែល ខណៈដែលរដ្ឋាភិបាលជុំវិញពិភពលោកកំពុងខ្វែងដៃជើង ដើម្បីជម្លៀសប្រជាជនរបស់ខ្លួនចេញពីអ៊ីស្រាអ៊ែល


រដ្ឋាភិបាលជុំវិញពិភពលោក កំពុងព្យាយាមសិក្សាពីកន្លែងលាក់ខ្លួនរបស់ជនជាតិរបស់ពួកគេក្នុងប្រទេសអ៊ីស្រាអែល ចំពេលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ។

ជនបរទេសជាច្រើននាក់ត្រូវបានសម្លាប់ ឬចាប់ធ្វើជាចំណាប់ខ្មាំង នៅពេលដែលក្រុមយុទ្ធជនហាម៉ាស់បានចាប់ផ្ដើមការវាយប្រហារតាមគោលដៅនានាក្នុងប្រទេសអ៊ីស្រាអែល។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ពីការស្លាប់របស់ពលរដ្ឋអាមេរិកចំនួនប្រាំបួននាក់កាលពីថ្ងៃចន្ទ។ ដោយឡែក រដ្ឋាភិបាលថៃបាននិយាយថាជនជាតិថៃ ១២ នាក់ ត្រូវបានសម្លាប់ និង១១នាក់ផ្សេងទៀតចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស។ ជាមួយគ្នានេះ ប្រទេសអាហ្សង់ទីនបានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនបួននាក់បានស្លាប់ ខណៈដែលជនជាតិអង់គ្លេសជាង ១០នាក់ត្រូវបានគេភ័យខ្លាចថាស្លាប់ ឬបាត់ខ្លួន ទោះបីជាអ្នកស្លាប់មានតែពីរនាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជាក់។

បើទោះបីជាជើងហោះហើរទៀងទាត់ភាគច្រើនទាំងការហោះចូល និងចេញពីអាកាសយានដ្ឋានសំខាន់ៗរបស់អ៊ីស្រាអែលត្រូវបានលុបចោល រដ្ឋាភិបាលនានាកំពុងរៀបចំជើងហោះហើរធម្មនុញ្ញដើម្បីជម្លៀសប្រជាជនដែលមានបំណងចាកចេញពីប្រទេស។

យ៉ាងណាមិញកម្ពុជា បែរជាអំពាវនាវឱ្យពលរដ្ឋ ឬនិស្សិតខ្មែរកុំរត់ចោល ប្រជាជនអ៊ីស្រាអែល។ «ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអ៊ែល មិនតម្រូវឱ្យយើងចាកចេញទេ យើងកំរត់ចោលប្រជាជនអ៊ីស្រាអ៊ែល។ ប្រសិនបើរត់ចោលប្រជាជនអ៊ីស្រាអ៊ែល ក្នុងពេលដែលប្រជាជនអ៊ីស្រាអ៊ែលកំពុងជួបការលំបាក ថ្ងៃក្រោយកុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការនៅប្រទេសអ៊ីស្រាអ៊ែលតទៅទៀត»។ នេះជាប្រសាសន៍លើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

សម្ដេច បានបន្តថា «វាជាករណីដូចគ្នាកាលពីជំនាន់កូវីដដើមឆ្នាំ២០២០ ប្រទេសមួយចំនួន យកយន្តហោះពលរដ្ឋរបស់គេ ចេញពីប្រទេសចិន ក៏ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំទៅកាន់ប្រទេសចិន ដើម្បីជូនសារអំពីការសាមគ្គីភាព ជាមួយប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មួយផ្នែក មួយផ្នែកជូនសារ ទៅនិស្សិតកម្ពុជា សូមឲ្យបន្តរស់នៅជាមួយប្រជាជនចិន ក្នុងកាលៈទេសៈ ដ៏លំបាក»។

យ៉ាងណាមិញ ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែលថា ចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋនិស្សិតកម្ពុជាចេញ កម្ពុជានឹងចំណាយប្រាក់កាស ជួលយន្តហោះពិសេស ទៅដឹកនិស្សិតរបស់យើងជាង៤០០នាក់ ចាកចេញពីអ៊ីស្រាអ៊ែល។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុវត្ថិភាពប្រជាជនកម្ពុជានៅអ៉ីស្រាអែល គឺជាកិច្ចការអាទិភាព និងសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល៕

ប្រភព: VOA, BANGKOK POST, SHS