គិតត្រឹមឆ្នាំ២០២១នេះ មីយ៉ាន់ម៉ា ធ្លាប់រងរដ្ឋប្រហារប៉ុន្មានដងហើយ?
មីយ៉ាន់ម៉ាគឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាយូរជាងគេ ពោលគឺចាប់ពីឆ្នាំ១៩៦២ រហូតដល់ឆ្នាំ២០១១។ ប៉ុន្តែនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ប្រទេសនេះ បានធ្លាក់ក្រោមអំណាចយោធាសារជាថ្មី ក្រោយរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសានស៊ូជី ចេញពីតំណែង។
១. រដ្ឋប្រហារឆ្នាំ១៩៦២
រដ្ឋប្រហារដំបូងបំផុតនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងនៅឆ្នាំ១៩៦២ ដែលដឹកនាំដោយឧត្តមសេនីយ Ne Win។ មូលហេតុចម្បងជំរុញឱ្យមានហេតុការណ៍នេះគឹដោយសារការដណ្ដើមអំណាចគ្នារវាងរដ្ឋាភិបាលស៊ីវិល និងក្រុមយោធា។
២. ឆ្នាំ១៩៩០
ក្រោយជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(NLD)ដែលដឹកនាំដោយស្រី អ៊ុងសានស៊ូជី រដ្ឋាភិបាលយោធាបានអំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញ និងមិនព្រមឱ្យលោកស្រីអ៊ុងសានស៊ូជីបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ។ ដើម្បីរក្សាអំណាចនៅក្នុងដៃ រដ្ឋាភិបាលយោធាបានឃុំខ្លួនប្រធានគណបក្ស NLD នៅក្នុងផ្ទះ ក្នុងរដ្ឋធានីរ៉ង់ហ្គូន និងធ្វើរដ្ឋប្រហារដើម្បីឡើងមកកាន់អំណាចជាថ្មី។
៣. ឆ្នាំ ២០២១
ក្រោយត្រូវបានដោះលែងឱ្យមានសេរីភាព លោកស្រីអ៊ុងសានស៊ូជី បានប្រឡូកចូលក្នុងឆាកនយោបាយ និងឈរឈ្មោះបោះឆ្នោតសារជាថ្មី។ គណៈបក្សរបស់លោកស្រីទទួលបានជ័យជម្នះនៅឆ្នាំ២០១៥ ដោយមានសម្លេងឆ្នោតនាំមុខគេ ហើយអាចបង្កើតរដ្ឋាភិបាលស្របច្បាប់បាននៅពេលនោះ។ រហូតមកដល់ខែ វិច្ឆិកា ឆ្នាំ២០២០ គណបក្សលោកស្រី អ៊ុងសានស៊ូជី ទទួលបានជោគជ័យក្នុងការបោះឆ្នោតម្ដងទៀត ដោយទទួលបានសម្លេងសរុប៨០ភាគរយនៃសម្លេងឆ្នោតសរុប។
ដោយប្រជាប្រិយភាពរបស់លោកស្រីកាន់តែរីកធំឡើង មេយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ Min Aung Hlaing កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចចិត្តធ្វើរដ្ឋប្រហារសារទម្លាក់លោកស្រី អ៊ុងសានស៊ូជី ចេញពីតំណែង ដោយចោទប្រកាន់ថាការបោះឆ្នោតមានភាពមិនប្រក្រតី និងមានការបន្លំសន្លឹកឆ្នោត។
លោកស្រី អ៊ុងសានស៊ូជី និងមន្រ្តីជាន់ខ្ពស់មកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យត្រូវបានយោធាចាប់ខ្លួន ហើយបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ៕
ដោយ៖ សាន ស្រីនិច
កែសម្រួល៖ ង៉ាយ ណៃ