សម្ដេច ហ៊ុន សែន៖ ធនធានមនុស្ស លើជំនាញបច្ចេកទេស ដើរតួនាទីសំខាន់បំផុត ក្នុងការអភិវឌ្ឍប្រទេស


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២​ ខែមករា ឆ្នាំ​២០២១ បានថ្លែងថា ការបណ្ដុះបណ្ដាលធនធានមនុស្សនៅតែជាអាទិភាពចម្បងសម្រាប់រដ្ឋាភិបាលកម្ពុជា ព្រោះបច្ចុប្បន្នកង្វះធនធានមនុស្សសម្រាប់បម្រើការងារតាមបណ្ដាក្រសួងនានានៅតែជាបញ្ហាប្រឈម។

នៅក្នុងពិធីសម្ពោធអគារទីស្ដីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន«តេជោសែន​ សាធារណការ និងដឹកជញ្ជូន» សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា៖ «រដ្ឋាភិបាលតាមរយៈក្រសួងអប់រំ និងដៃគូរពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែសមត្ថភាព ស្របតាមការរីកចម្រើនរបស់ប្រទេសជិតខាង ក៏ដូចជាពិភពលោក។»

សម្ដេចបន្តថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមបណ្ដាប្រទេសដែលមានការអភិវឌ្ឍលឿនបំផុតនៅក្នុងពិភពលោក បើទោះបីកំណើនសេដ្ឋកិច្ចហាក់ធ្លាក់ចុះខ្លាំងដោយសារវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំនេះក៏ដោយ។ សម្ដេចបន្ថែមទៀតថា ការបើកដំណើរការវិទ្យាស្ថានថ្មីនេះ គឺជាសមិទ្ធផលធំធេង ហើយវានឹងក្លាយជាថ្នាលសម្រាប់ផលិតធនធានមនុស្ស ជាពិសេសអ្នកជំនាញបច្ចេកទេស ដែលដើរតួនាទីសំខាន់បំផុតក្នុងការកសាងប្រទេស។

«បច្ចុប្បន្ន ទីក្រុងភ្នំពេញ ពង្រីកខ្លួនកាន់តែធំឡើងៗ។ ប្រសិនបើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន មានលក្ខណៈខុសគ្នាឆ្ងាយណាស់។ នៅគ្រប់ទីកន្លែងសម្បូរទៅដោយសំណង់អគារខ្ពស់ និងការដ្ឋានលំនៅដ្ឋានប្រណីត ជាពិសេសនៅតាមតំបន់ជាយក្រុង អាស្រ័យហេតុនេះហើយ ទើបការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញបច្ចេកទេស គឺជារឿងចាំបាច់។» សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៕

រូបភាព៖ SPM

ដោយ៖ Sok Molenna

កែសម្រួល៖ Ngay Nai