|

សមាគមសាលាត្រាជូបើកដំណើរការកម្មវិធីថ្មី ក្រោមប្រធានបទ «ច្បាប់វិនិយោគ៖ កាលានុវត្ដភាព និងបញ្ហាប្រឈម»


កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នេះ សមាគមសាលាត្រាជូ បានរៀបចំកម្មវិធី « Traju Legal Coffee» នៅបណ្ណាល័យអ.វ.ត.ក. ដែលជាកម្មវិធីថ្មីរបស់សមាគម ទើបនឹងបង្កើតឡើងក្នុងគោលបំណងជជែកពិភាក្សាពាក់កណ្តាលផ្លូវការ ដោយផ្តល់ឱកាសអោយអ្នកចូលរួមទាំងអស់អាចជួបជុំបង្កើតមិត្តភាពថ្មី និងជំរុញការផ្សារភ្ជាប់បណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញការ អ្នកជំនាញវិជ្ជាជីវៈច្បាប់ និងវិស័យពាក់ព័ន្ធ នៅតាមបណ្តាអង្គភាពរដ្ឋ/ឯកជន ដែលមានបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្ត។ តាមរយៈកម្មវិធីនេះ ការពិភាក្សា ត្រូវបានធ្វើឡើងដោយមានការពិសារកាហ្វេឈ្ងុយឆ្ងាញ់ និងភេសជ្ចៈផ្សេងៗ ដើម្បីលំហែ និងបន្ធូរអារម្មណ៍តានតឹង បែបបរិយាកាសថ្ងៃអាទិត្យផង និងជំរុញការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកចូលរួមលើប្រធានបទជាក់លាក់ និងស៊ីជម្រៅផ្សេងៗ។

កម្មវិធី « Traju Legal Coffee» នេះ គឺជាការបើកដំណើរការលើកដំបូង ក្រោមប្រធានបទ «ច្បាប់វិនិយោគ៖ កាលានុវត្ដភាព និងបញ្ហាប្រឈម» ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសមាគមសាលាត្រាជូ អ្នកស្រាវជ្រាវ អ្នកជំនាញការ និងអ្នកប្រកបវិជ្ជាជីវៈ ចំនួន ១៧រូប រួមមាន៖ លោក ចក សម្បតិ្ដ, លោក ផល ពិសាល, លោកជំទាវ អ៊ឹង រីណា, លោកមេធាវី អ៊ីង សុភាល័ក្ខ, លោកបណ្ឌិត សរ សិនិរ៉ា, ឯកឧត្ដម អាន សុវឌ្ឍនា, លោកស្រី ផុន សុក្របញ្ញា, លោកមេធាវី កឹម វឌ្ឍនៈ, លោក រស់ សយម្ភូ, លោកស្រីមេធាវី តែ មុយគីម, លោកមេធាវី ឈិត វិនា, លោកមេធាវី សែម ស៊ីនរិន្ទ, លោកមេធាវី ដូលីន ផានីរាជ, កញ្ញា អ៊ឹម ច័ន្ទបូរមី, កញ្ញា ព្រុំ សាវតា, លោក អែម ចន្ធី និងលោកស្រី លី ប៊ុនលួង។

សូមបញ្ជាក់ផងដែរថា៖ កម្មវិធីនេះ ទទួលបានការសហការរៀបចំដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ។ បន្ថែមពីនេះ កម្មវិធីខាងលើ ក៏ទទួលបានការឧបត្ថម្ភជាកាហ្វេ និងភេសជ្ជៈដោយឯកឧត្ដម អាន សុវឌ្ឍនា និងហាង TUBE Coffee (សាខា TUBE Rule) ដែលមានទីតាំងលើមហាវិថីព្រះមុនីវង្ស ទល់មុខសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចផងដែរ។

៚ កម្មវិធី «Traju Legal Coffee» នេះ គ្រោងនឹងរៀបចំឡើងរៀងរាល់ ១ខែ ម្ដង ដោយលើកយកប្រធានណាមួយកំពុងមានការចាប់អារម្មណ៍ ឬបច្ចុប្បន្នភាពថ្មី មកធ្វើការពិភាក្សាជាមួយអ្នកចូលរួម ដែលមានជំនាញច្បាស់លាស់។