អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ការបង្កើតរដ្ឋាភិបាលថ្មីគឺជាឱកាសមួយសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ឋានៈរបស់កម្ពុជាក្នុងក្របខណ្ឌអន្តរជាតិ
បើតាមការគ្រោងទុក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថ្មី នឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នាខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។ តាមរយៈវេទិកានេះត្រូវបានរំពឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងបង្ហាញទស្សនៈផ្ទាល់ខ្លួនលើបញ្ហាអន្តរជាតិ និងជួបជាមួយថ្នាក់ដឹកនាំពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រី។
ជុំវិញដំណើរជាលើកដំបូងក្នុងនាមជាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអន្តរជាតិ។ ជាមួយគ្នានេះដែរ វត្តមាននាយករដ្ឋមន្ត្រីថ្មី ដែលធ្លាប់ទទួលការអប់រំនៅស្ថាប័នលោកខាងលិច រួមទាំងបណ្ឌិតសភាយោធា West Point នៅសហរដ្ឋអាមេរិកផងនោះ ត្រូវបានគេជឿជាក់ថា នឹងមានយុទ្ធសាស្ត្រថ្មីៗ ដើម្បីជួយពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឱ្យកាន់តែរឹងមាំ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនមានការអត្ថាធិប្បាយជាក់លាក់ណាមួយលើការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នាពេលអនាគតនោះទេ ប៉ុន្តែការបង្កើតរដ្ឋាភិបាលថ្មីគឺជាឱកាសមួយសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីលើកកំពស់ឋានៈរបស់កម្ពុជាក្នុងក្របខណ្ឌអន្តរជាតិ។ ក្នុងនោះ មធ្យោបាយដែលអាចធ្វើទៅបានរួមមាន ការធ្វើឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បង្វែរការរិះគន់លើនយោបាយដឹកនាំរបស់រដ្ឋាភិបាលចាស់ និងការអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរការដោយគ្មានការជ្រៀតជ្រែក។
យ៉ាងណាមិញ ឯកឧត្តម ហ៊ុន ម៉ាណែត និងមន្ត្រីសហរដ្ឋអាមេរិកអាចជួបក្រៅ UNGA ឬយ៉ាងណានោះ នៅមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេ៕
ប្រភព: Reuters