រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា ក្នុងឆ្នាំ២០២៩ យ៉ាងហោចណាស់វិទ្យាល័យធនធានទាំង៥០ អាចនឹងទៅជាសាលាជំនាន់ថ្មីចំនួន៣
នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP-UP)កាលពីពេលថ្មីៗកន្លងទៅនេះ។
នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមបណ្ឌិតសាភាចារ្យ បញ្ជាក់ថាដើម្បីសម្រេចបាននូវលទ្ធផល អ្នកចូលរួមគួរអនុវត្តឱ្យអស់លទ្ធភាព ទើបចេញជាលទ្ធផល ពីព្រោះថាការអប់រំនេះវាពាក់ព័ន្ធនឹងកត្តាជាច្រើន មានកត្តាគ្រូ កត្តាសិស្ស កត្តាសាលារៀន កត្តាគ្រួសារ ហើយពាក់ព័ន្ធកត្តាសេដ្ឋកិច្ចសង្គម ដែលមានលក្ខណៈខុសគ្នា ដែលវាអាចជះឥទ្ធិពលទៅលើលទ្ធផលនៃការសិក្សា។ នៅក្នុងកិច្ចពិភាក្សានេះបានចាប់ផ្តើមយកមូលដ្ឋានស្តង់ដា៥ សូចនាករ៧១ជាគោល ហើយជាស្តង់ដាមូលដ្ឋាន ហៅថាសាលាគំរូ សាលាជំនាន់ថ្មី ចុងបញ្ចប់នៃគម្រោងក្នុងឆ្នាំ២០២៩ យ៉ាងហោចណាស់វិទ្យាល័យធនធានទាំង៥០ អាចនឹងទៅជាសាលាជំនាន់ថ្មីចំនួន៣។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យលើរបាយការណ៍គម្រោងដែលសម្រេចបាននាពេលកន្លងមក និងពិភាក្សាទៅលើចំនុចមួយចំនួនដើម្បីអភិវឌ្ឍស្តង់ដាសូចនាករការគ្រប់គ្រងសាលារៀន និងឧបករណ៍វាយតម្លៃសម្រាប់សាលាមធ្យមសិក្សា។ គម្រោង STEP-UP មានគោលបំណងលើកកម្ពស់ការគ្រប់គ្រង ដឹកនាំសាលារៀនប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ក្នុងការរួមចំណែកដល់ការបង្កើនការចូលរៀនផ្នែកវិទ្យាសាស្រ្ត និងគុណភាពនៃការរៀន និងបង្រៀនស្ទែម។
ប្រភព: MoEYS CAMBODIA