| |

មេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០ បានឯកភាពជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


កាលពីពេលថ្មីៗកន្លងទៅនេះ មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រមូលផ្តុំគ្នានៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ដោយមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

យោងតាមសេចក្តីប្រកាសផ្លូវការដែលចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំនេះបានឱ្យដឹងថា ប្រទេសជាសមាជិកទាំងចំនួន១០ បានអនុម័តសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការជំរុញការតភ្ជាប់ការទូទាត់ក្នុងតំបន់ និងការលើកកម្ពស់ប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក ដើម្បីជំរុញការរៀបចំការតភ្ជាប់ការទូទាត់ទ្វេភាគី និងពហុភាគី ក៏ដូចជាការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចដោយបើកដំណើរការយ៉ាងរលូន រួមទាំងការទូទាត់ឆ្លងដែន ដែលមានតម្លៃសមរម្យជាងនេះនៅទូទាំងតំបន់»។

ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បានប្តេជ្ញាជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ដើម្បីធ្វើសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ឱ្យស៊ីជម្រៅ និងជំរុញការអភិវឌ្ឍទីផ្សាររូបិយប័ណ្ណជារូបិយប័ណ្ណក្នុងស្រុក ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែមីនាកន្លងទៅ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងអភិបាលធនាគារកណ្តាលបានជួបប្រជុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយបានយល់ព្រមចាត់វិធានការដើម្បីពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់ និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ឬរូបិយប័ណ្ណអន្តរជាតិសំខាន់ៗផ្សេងទៀតសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគតាមព្រំដែនផងដែរ។

ប្រភព៖ Bitcoin.com