របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយជាង២០០០នាក់ ដើម្បីអបអរថ្ងៃបុណ្យវិសាខបូជា
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានលើកលែងទោសអ្នកទោសជាង ២០០០នាក់ ដែលក្នុងនោះភាគច្រើនជាអ្នកទោសនយោបាយ។ ការលើកលែងទោសនេះ ត្រូវបានបញ្ជាក់ថាក្រោមហេតុផល ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាថ្ងៃបុណ្យដ៏មានអត្ថន័យសំខាន់ ក្នុងព្រះពុទ្ធសាសនា។ ជាមួយគ្នានេះ អ្នកទោសទាំងនេះ ត្រូវបានព្រមានថាពួកគេនឹងត្រូវចាប់ខ្លួន និងផ្តល់ការកាត់ទោសបន្ថែមប្រសិនបើពួកគេធ្វើបាបម្តងទៀត។
ចាប់តាំងពីការផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានឃុំខ្លួនអ្នកប្រឆាំងរាប់ពាន់នាក់ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស ដោយទាញការថ្កោលទោសជាសកល និងការដាក់ទណ្ឌកម្មពីលោកខាងលិច។ ក្នុងនោះ មានមនុស្សយ៉ាងហោចណាស់ ១៧,៨៩៧ នាក់ត្រូវបានឃុំខ្លួន និង ៣,៤៥២នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលជាក្រុមសកម្មជន។
ដោយឡែក ក្រុមយោធានិយាយថា ខ្លួនកំពុងប្រយុទ្ធជាមួយ “ភេរវករ” ដែលមានបំណងបំផ្លាញប្រទេស។ យ៉ាងណាមិញ គូបដិបក្ខរបស់របបយោធាជាច្រើនត្រូវបានចោទប្រកាន់ក្រោមច្បាប់ហាមឃាត់ការញុះញង់ ដែលនិយមន័យត្រូវបានពង្រីក និងប្រើប្រាស់ប្រឆាំងនឹងមនុស្សជំរុញឱ្យមន្ត្រីរាជការធ្វើកូដកម្ម។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកទោសនយោបាយដែលលេចធ្លោជាងគេ គឺមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ ពីបទប្រព្រឹត្តិខុសជាច្រើន ដែលត្រូវបានមើលឃើញថានឹងមិនទទួលបានការលើកលែង ឬបន្ធូរបន្ថយទោស ខណៈដែលរបបយោធាមីយ៉ាន់ម៉ាក៏បានបញ្ជាក់ថា អ្នកជាប់ឃុំទាំងអស់ទទួលបានដំណើរយ៉ាងត្រឹមត្រូវ។
ប្រភព: Reuters