|

អបអរសាទរ! «នំបញ្ចុកសៀមរាប» នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីម៉ាកសមូហភាពនាពេលខាងមុខនេះ


“នំបញ្ចុកសៀមរាប”នឹងត្រូវបានកំណត់ជាផលិតផលសក្តានុពល ហើយគ្រោងចុះបញ្ជីម៉ាកសមូហភាពកណ្ដាលខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ដោយក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ និងដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ជំរុញការកែច្នៃផលិតផលនាំចេញដូចមានចែងនៅក្នុងយុទ្ធសាស្ត សមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣។

សក្ដានុពល “នំបញ្ចុកសៀមរាប” ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ គឺ ដោយសារចំណេះដឹង-ចំណេះធ្វើ តាមបែបប្រពៃណីក្នុងការផលិត “នំបញ្ចុកសៀមរាប” ហេតុនេះទើបនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃបឋមអំពី លទ្ធភាពនៃការចុះបញ្ជី “នំបញ្ចុកសៀមរាប” ជាម៉ាកសមូហភាព។ នេះបើយោងប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ជើញជាអធិបតីនៃមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករនំបញ្ចុកសៀមរាប ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការរៀបចំចុះបញ្ជី “នំបញ្ចុកសៀមរាប” ជាម៉ាកសមូហភាពនេះ ធ្វើឡើងក្នុងគោលដៅរៀបចំឱ្យមានម៉ាកសម្គាល់រួមមួយសម្រាប់ផលិតផលនំបញ្ចុកកម្ពុជា ដែលផលិត និងដាំស្លដោយផលិតករក្នុងខេត្តសៀមរាប និងជំរុញការកែច្នៃ និងវេចខ្ចប់ នំបញ្ចុកសៀមរាប ឱ្យត្រូវតាមស្ដង់ដារ និងការតម្រូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេសស្របតាមទិសដៅនៃការធ្វើពិពិធកម្មទំនិញនាំចេញរបស់កម្ពុជាដែលជាផ្នែកមួយគាំទ្រខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះ ម៉ាកសមូហភាព នំបញ្ចុកសៀមរាប នឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណនៃប្រភពដើមផលិតកម្មបិត លើផលិតផលដែលដាក់លក់នៅលើទីផ្សារ ហើយព្រឹត្តិការណ៍នេះមិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនំបញ្ចុកនៅក្រៅប្រទេសនោះទេ ប៉ុន្តែម៉ាកនេះ នឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេសឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬ យុវជន ជូនដល់ភ្ញៀវដែលមកកំសាន្តនៅក្នុងតំបន់របស់សហគមន៍ អាចបង្កើតប្រភពចំណូលបន្ថែមផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាបន្ថែមទៀត ។

សូមជម្រាបបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ភោធឱ្យប្រើ ប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន៖ “អំបិលកំពតកែប” “បង្កងតាកែវ” និង “ទឹកត្រីកំពត កែប” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” “នំបញ្ចុកសៀមរាប” “ក្រូចថ្លុងកោះពីរ” និង “ដូងខ្ទះបាត់ដំបង” នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្វពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជា ជាសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅសណ្ឋាគារ Phnom Penh Hotel៕

ប្រភព៖ https://m.facebook.com/story.php?story_fbid=pfbid01KhFAX5PuLJ8KcuYD5tRpwU22sibL6jpBoTeyPznfPw1Ao584Y6BHzi7VGudJyCul&id=100063713613056&mibextid=qC1gEa